ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា គ.ជ.ប បានសម្រេចសាងសង់អគារទីស្ដីការថ្មី មានកម្ពស់៩ជាន់ ដែលនឹងត្រូវចំណាយថវិកា នៃការសាងសង់ ប្រមាណជាង២១លានដុល្លារ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ថ្ងៃនេះ គ.ជ.ប បានរៀបចំធ្វើពិធី បញ្ចុះបឋម សិលា ដើម្បីសាងសង់អគារថ្មី របស់គ.ជ.ប ដែលដែលកម្ពស់ រហូតទៅដល់៩ជាន់ និងមានទីធ្លារធំណទូលាយ ដែលងាយស្រួល ក្នុងទុកដាក់យានយន្ត ដើម្បីបម្រើសេវាកម្មបោះឆ្នោត ជូនដល់សាធារណជននិងជាគុណប្រយោជន៍ ដល់ប្រទេសជាតិទាំងមូល។ ហើយទីនេះក៏នឹងជាមជ្ឈមណ្ឌលមួយ សម្រាប់ភាគីពាក់ព័ន្ធ និងរាល់ទំនាក់ទំនងទាំងឡាយផងដែរ។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា « ការសាងសង់អគារថ្មីនេះ គ្រោងចំណាយថវិកា ជាង២១លានដុល្លារ។
អ្នកនាំពាក្យបន្ថែមថា បន្ទាប់ពីអគារថ្មី សាងសង់រួចរាល់ គ.ជ.ប នឹងធ្វើការផ្លាស់ប្ដូរពីទីតាំងចាស់ មកកាន់ទីតាំងថ្មីនេះតែម្ដង ដោយសង្ឃឹមថា នឹងសាងសង់រួចរាល់នៅក្នុងខែតុលា ឆ្នាំ២០២៥។
ឭសូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញលិខិត អនុញ្ញាតឱ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តំណាងដោយលោក ប្រាជ្ញ ចន្ទ បើកការដ្ឋានសំណង់ អគារទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន១អគារ កម្ពស់អតិប្បរមា ៥០,៦៤ម៉ែត្រ មានជាន់ក្រោមដី១ ជាន់ ជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ឡៅតឿទី១ ជាន់ទី២ ជាន់ទី៣ ជាន់ឡៅតឿទី៣ ជាន់ទី៤ ដល់ជាន់ទី៩ ជាន់ក្រោមដំបូល និងដំបូលប្រក់ក្បឿង មានផ្ទៃក្រឡាសំណង់សរុប ៣៦ ៥២១, ៥៣ ម៉ែត្រការ៉េ មានសន្ទស្សន៍ប្រើប្រាស់ដី ៤,៣៤ នៅលើដីឡូត៍ទំហំ ៥.២៩០,០០ ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់៕