មែនទែនហើយពេលនេះ! សម្តេច ហ៊ុន ម៉ាណែត ប្រកាសបន្សុទ្ធកម្លាំងប្រដាប់អាវុធទាំងអស់កុំឱ្យមានគ្រឿងញៀន

ក្នុងសម្តីច្បាស់ៗ និងម៉ឺងម៉ាត់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការបន្សុទ្ធកម្លាំងប្រដាប់អាវុធទាំងអស់កុំឱ្យមានគ្រឿងញៀន។ សម្តេច ថា ក្នុងករណីដែលរកឃើញថា ពួកគាត់មានការពាក់ព័ន្ធនឹងគ្រឿងញៀនគឺត្រូវបណ្តេញចេញពីក្របខណ្ឌ ពីព្រោះថាអ្នកអនុវត្តន៍ច្បាប់ត្រូវតែស្អាតមុនគេ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ធ្នូ នេះ សម្តេច បានសង្កត់ធ្ងន់ថា មន្រ្តីដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ចេញពីក្របខណ្ឌតែម្តង។ សម្តេច ថា បើមិនបន្សុទ្ធកងកម្លាំងប្រដាប់អាវុធនោះទេ ដែលជាកម្លាំងអនុវត្តន៍ច្បាប់នោះ គឺពិបាកហើយ។

សម្តេច បានបន្ថែមថា រដ្ឋាភិបាលដាក់អភិក្រមទាំងមូលតែម្តង គឺថាចាប់ផ្តើមពីកងម្លាំងប្រដាប់អាវុធតែម្តង អ្នកដែលប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌ។

ដោយឡែក អ្នកជួញដូរគ្រឿងញៀន គឺត្រូវប្រឈមជាមួយច្បាប់និងបណ្តេញពីក្របខណ្ឌ ហើយជនបរទេសបើមានការពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវអនុវត្តន៍តាមច្បាប់របស់កម្ពុជានឹងត្រូវបណ្តេញចេញពីកម្ពុជាតែម្តង។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត៕