សម្តេច ហ៊ុន ម៉ាណែត ចេញមុខការពារមន្រ្តីអនុវត្តន៍ច្បាប់ដែលបំពេញភារកិច្ចត្រឹមត្រូវពេលមានបទល្មើសជាក់ស្តែងកើតឡើង

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសចេញមុខការពារមន្រ្តីអនុវត្តន៍ច្បាប់រួមមាន នគរបាល ឬកងរាជអាវុធហត្ថដែលបំពេញភារកិច្ចត្រឹមត្រូវពេលមានបទល្មើសជាក់ស្តែងកើតឡើង ប៉ុន្តែអ្នកទាំងនោះបែរជាទទួលរងពិន័យពីថ្នាក់លើទៅវិញនោះ។ សម្តេច ថា បើធ្វើតាមត្រឹមត្រូវហើយបែរជាត្រូវទទួលពិន័យ ឬដកបញ្ឈរជើងនោះ សូមប្រាប់សម្តេច សម្តេចនឹងតម្លើងស័ក្តទៅវិញ។

ថ្លែងនៅចំពោះមុខមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលក្នុងបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ធ្នូ នេះ សម្តេច បានសង្កត់ធ្ងន់ថា «ក្នុងបទល្មើសជាក់ស្តែងបើបងប្អូនអនុវត្តន៍ត្រឹមត្រូវតាមច្បាប់ អនុវត្តន៍ចុះ ហើយខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្រ្តី»។

សម្តេច បានបញ្ជាក់ថា កុំសួររកខ្នងណាទៀត ដោយសារតែនាយករដ្ឋមន្រ្តីបានចេញគោលការណ៍បែបនេះហើយ។ សម្តេចបានព្រមានថា ក្នុងករណីដែលមន្រ្តីអនុវត្តន៍ច្បាប់បានអនុវត្តន៍បានត្រឹមត្រូវតាមច្បាប់ហើយ ហើយបែរជាថ្នាក់ដឹកនាំចាត់វិធានដោយគ្មានមូលហេតុនោះ គឺសម្តេចនឹងចាត់វិធានការតែម្តង។

សម្តេច បន្ថែមថា «បើអញ្ចឹងគ្នាខំធ្វើត្រូវ គឺត្រូវលើកទឹកចិត្ត បើគ្នាធ្វើត្រូវហើយដោយសារបញ្ហាអីមួយ ត្រូវដាក់ទណ្ឌកម្មគ្នា ទៅបំបាក់ទឹកចិត្តអ្នកផ្សេងមិនឱ្យធ្វើថាតើសង្គមយើងទៅជាយ៉ាងណា»។

ព្រមជាមួយគ្នានេះដែរ សម្តេចក៏បានចេញបទបញ្ជាឱ្យអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែង ដែលអ្នកបើកបរមានការធ្វេសប្រហែស បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយត្រូវចាប់វាយខ្នោះនៅនឹងកន្លែង ហើយមិនបាច់សុំគោលការណ៍នោះទេ៕