«មជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជា» នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នឹងសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យានិងពាណិជ្ជកម្មប៉េកាំងក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជា នៅសាកលវិទ្យាល័យបច្ចេកវិទ្យានិងពាណិជ្ជកម្មប៉េកាំង។ នេះបើយោងតាមជំនួបរវាងលោក គិនភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយ គណៈប្រតិភូមកពីសកលវិទ្យាល័យបច្ចេកវិទ្យានិងពាណិជ្ជកម្មប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត លីវ មីនហ៊ួ (Prof. Dr. Liu Minhua) សាកលវិទ្យាធិការរងនៃសកលវិទ្យាល័យបច្ចេកវិទ្យានិងពាណិជ្ជកម្មប៉េកាំង កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងជំនួប ភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានិងសកលវិទ្យាល័យបច្ចេកវិទ្យានិងពាណិជ្ជកម្មប៉េកាំង ក្នុងការរៀបចំគម្រោងស្រាវជ្រាវរួមគ្នា ការរៀបចំ វេទិកានិងសន្និសីទរួមគ្នា ការផ្លាស់ប្តូរបញ្ញវន្តរវាងស្ថាប័នទាំងពីរ និងការផ្តល់អាហារូបករណ៍របស់សកលវិទ្យាល័យបច្ចេកវិទ្យានិងពាណិជ្ជកម្មប៉េកាំងសម្រាប់អ្នកស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក៏ដូចជានិស្សិតនិងអ្នកសិក្សាស្រាវជ្រាវកម្ពុជាផ្សេងទៀត។

បន្ទាប់កិច្ចពិភាក្សារួច ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូទៅសម្រាប់កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យបច្ចេកវិទ្យានិងពាណិជ្ជកម្មប៉េកាំង។ គោលបំណងនៃកិច្ចព្រមព្រៀងនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងការសិក្សារវាងស្ថាប័នទាំងពីរ លើកកម្ពស់និងពង្រឹងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននិងប្រទេសទាំងពីរនិយាយរួម និងស្ថាប័នទាំងពីរនិយាយដោយឡែក។

ដើម្បីចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរ នឹងរៀបចំព្រឹត្តិការណ៍មួយចំនួនរួមគ្នានៅដើមឆ្នាំក្រោយ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការលើកកម្ពស់ «ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន» និងរៀបចំគម្រោងស្រាវជ្រាវរួមគ្នាពាក់ព័ន្ធនឹងការវិនិយោគចិននៅកម្ពុជា។ ជាមួយគ្នានោះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នឹងសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យានិងពាណិជ្ជកម្មប៉េកាំងក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជានៅសាកលវិទ្យាល័យបច្ចេកវិទ្យានិងពាណិជ្ជកម្មប៉េកាំង៕