ចិនសន្យា ជួយផ្សព្វផ្សាយទេសចរណ៍ និងការបង្កើនជើងហោះហើរផ្ទាល់ពីចិនមកខេត្តសៀមរាបបន្ថែម

ចិន៖ លោក WANG YI រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការគូសបញ្ជាស់ថា លោកសន្យាជួយជំរុញការអនុវត្តប្រកបដោយផ្លែផ្កាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរួមទាំងការផ្សព្វផ្សាយ ទេសចរណ៍ និងការបង្កើនជើងហោះហើរផ្ទាល់ពីប្រទេសចិនមកខេត្តសៀមរាបឱ្យបានកាន់តែច្រើនបន្ថែម។លោក WANG YI ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាសហប្រធាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ ក្រោមមូលបទ «រួមគ្នាខិតខំធ្វើទំនើបកម្ម និងបណ្តុះភាព រឹងមាំថ្មីក្នុងការអភិវឌ្ឍអនុតំបន់» កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែលធ្វើឡើងក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសសមិទ្ធិផលនៃគម្រោងចំនួន ៨៩គម្រោង ដែលមានទឹកប្រាក់ជាង ៣៣ លានដុល្លារ ដែលគ្របដណ្តប់លើវិស័យជាច្រើនកដ ប្រទេសកម្ពុជា។

ជាមួយគ្នានោះ ដើម្បីជំរុញអត្ថប្រយោជន៍របស់កម្ពុជាទៅមុខ លោក សុខ ចិន្តាសោភា បានស្នើឱ្យពន្លឿនការអនុវត្តខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយសហការជាមួយច្រករបៀងពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ ដោយសង្កត់ធ្ងន់ លើតម្រូវការស្ថិរភាពតម្លៃក្នុងវិស័យកសិកម្ម និងការពង្រឹងសន្តិសុខស្បៀង។

លើសពីនេះទៀតលោករដ្ឋមន្រ្តី ក៏បានធ្វើការអំពាវនាវឱ្យបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសលើវិស័យវប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ នវានុវត្តន៍ និងទេសចរណ៍។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងនេះផងដែរ លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានជួបពិភាក្សាសារការងារជាមួយ លោក WANG YI រដ្ឋមន្ត្រីការបរទេសនៃសាធារណ រដ្ឋប្រជាមានិតចិន ដែលបានប្តេជ្ញាបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះលោកសុខ ចិន្តាសោភា បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ចិននៅក្នុងការអភិវឌ្ឍរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសចិនសម្រាប់ការបន្តជំនួយក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
ជាមួយគ្នានោះភាគីកម្ពុជា បានសំណូមពរ ដល់ភាគីចិន ជួយជំរុញឱ្យមានជើងហោះហើរផ្ទាល់ពី ខេត្តនានារបស់ចិនទៅកាន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប និងលើកទឹកចិត្តឱ្យមានកំណើនអ្នកទេសចរ ចិនបន្ថែម ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឆ្នាំ២០២៤ ដូចដែលបានប្រកាសដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក WANG YI បានសន្យាថា នឹងជួយជំរុញការអនុវត្តប្រកបដោយផ្លែផ្កាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរួមទាំងការផ្សព្វផ្សាយ ទេសចរណ៍ និងការបង្កើនជើងហោះហើរផ្ទាល់ពីប្រទេសចិនមកខេត្តសៀមរាបផងដែរ៕