ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានលើកឡើងថាស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ។
ក្នុងជំនួបជាមួយ លោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(UN)ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ រ៉េមី បានថ្លែងថា កម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត។
ជាមួយគ្នានោះលោក កែវ រ៉េមី បញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្តការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយៈ អាទិភាព៦ចំណុចក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ក្នុងឱកាសនោះ លោក កែវ រ៉េមី បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គ.ស.ម.ក បានសហការជាមួយនឹងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន៣២លើក ដែលមានទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់តំបន់អាស៊ាន ជាមួយភាគីពាក់ព័ន្ធ ដូចជាសហជីពគ្រឹះស្ថានឧត្តមសិក្សា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អង្គការ សង្គមស៊ីវិល ដែលធ្វើការជាមួយជនមានពិការភាព ស្ត្រី កុមារ ប្រព័ន្ធផ្សព្វផ្សាយ មន្ទីរអង្គភាពជុំវិញខេត្ត ស្ថាប័ន នីតិប្បញ្ញត្តិ ស្ថាប័នជាតិសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន អាយឆា និង APF។ ជាសរុប សេចក្តីព្រាងច្បាប់នេះ បានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ រួចស្រេចហើយ។
ជាមួយគ្នានោះ លោក កែវ រ៉េមី ក៏បានលើកឡើងពីចំណុចវិជ្ជមានរបស់កម្ពុជា ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដោយកម្ពុជា មិនបានរឹតត្បិតឬដាក់ទោសចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងបានទទួលប្រសាសន៍ការណែនាំពីសម្ដេចតេជោ ហ៊ុន សែន កុំឱ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។
លើសពីនេះទៀត ប្រធានគណៈកម្មាធិការសិទ្ធមនុស្ស បានគូសបញ្ជាក់ផងដែរថា «ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មាន លក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការ ថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ និងមានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ»។
ជាការឆ្លើយតប ក្នុងឱកាសនោះ លោក វីទីត មុនតាប៊ុន បានសម្តែងនូវការកោតសរសើរចំពោះកម្ពុជា ដែលមាន វឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស ជាពិសេសការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិ៕