ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការថ្លែងប្រាប់ សហភាពអឺរ៉ុប អំពីគោលនយោបាយអាទិភាព វិស័យកសិកម្ម ផ្តោតលើសហគមន៍កសិកម្មទំនើប។
ក្នុងជំនួបជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម លោក ឌិត ទីណាបាន សម្តែងនូវការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ របស់សហភាពអឺរ៉ុប ក្នុងការចូលរួមអភិវឌ្ឍវិស័យជលផលនៅកម្ពុជា។
នៅក្នុងវិស័យជលផលនេះ លោក ឌិត ទីណា បានលើកឡើងអំពីផែនការរបស់ក្រសួងដែលចង់ប្រែក្លាយការនេសាទទឹកសាប មកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូល ទ្រទ្រង់ជីវភាពដល់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះការនេសាទសមុទ្រវិញ លោក ឌិត ទីណា ក៏បានលើកឡើងពីផែនការមេ ដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានជលផលឱ្យបានគង់វង្សផងដែរ។
ជាមួយគ្នានោះ លោក ក៏បានគូសបញ្ជាក់ប្រាប់ លោកឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មផ្តោតលើសហគមន៍កសិកម្មទំនើប។ កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដើម្បីសម្របសម្រួលការផលិតផលិតផលកសិកម្មក្នុងទ្រង់ទ្រាយធំ មានគុណភាព សុវត្ថិភាព ដើម្បីឱ្យកសិករបានទទួលបានតម្លៃបន្ថែមខ្ពស់ និងស្របតាមតម្រូវការទីផ្សារ។
លើសពីនេះទៀត លោករដ្ឋមន្ត្រី បានធ្វើការបញ្ជាក់បន្ថែម អំពីគោលនយោបាយដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ១.៦០០នាក់ ដែលនឹងជួយកសិករទាំងបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ បានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងជំរុញការផលិត និងកែច្នៃផលិតផលកសិកម្មអាទិភាព រួមមាន ដំណាំស្រូវ ស្វាយចន្ទី ម្រេច និងបន្លែ។
បន្ថែមពីនេះទៀត លោក ឌិត ទីណា រដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការបង្កើតមន្ទីរពិសោធន៍ថ្នាក់ជាតិតែមួយសម្រាប់គ្រប់អនុវិស័យទាំងអស់ ប្រកបដោយស្តង់ដារ ធានាបាននូវការគ្រប់គ្រងជំងឺឆ្លង គុណភាព សុវត្ថិភាពផលិតផល និងសុខភាពអ្នកទទួលទាន។ ដោយក្រសួងស្វាគមន៍ រាល់គម្រោងអភិវឌ្ឍន៍ និងការវិនិយោគ ស្របតាមគោលនយោបាយអាទិភាព ហើយក្រសួងនឹងជួយសម្របសម្រួល ដើម្បីជំរុញការងារឱ្យដំណើរការរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕