ភ្នំពេញ៖ លោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការប្ដេជ្ញាចិត្ត ការពារនូវរាល់ស្នាដៃ និង សមិទ្ធផលទាំងឡាយ ដែលឥស្សរជនថ្នាក់ដឹកនាំមុនៗ បានកសាងឡើងឱ្យនៅស្ថិតស្ថេរគង់វង្ស ព្រមទាំងប្តេជ្ញាចិត្តកសាង និងបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបង្ហាញ និងបន្សល់ទុកឱ្យអ្នកជំនាន់ក្រោយៗ ខាងមុខបន្តទៀត។ ក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ និង៤៥ នៃការរស់ឡើងវិញនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ លោកនេត្រ ភក្រ្តា បានថ្លែងថា ការដំណើរការឡើងវិញ នៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋរហូតមកទល់បច្ចុប្បន្ននេះ បានបន្សល់ទុកនូវកេរ្តិ៍ដំណែលសម្រាប់អ្នកជំនាន់ក្រោយ។
លោកបន្តថា «ខ្ញុំសូមប្ដេជ្ញាចិត្តការពារនូវរាល់ស្នាដៃ និង សមិទ្ធផលទាំងឡាយ ដែលឥស្សរជនថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បានកសាងឡើងឲ្យនៅស្ថិតស្ថេរគង់វង្ស ព្រមទាំងប្តេជ្ញាកសាងនិងបង្កើនសមិទ្ធផលថ្មីៗទៀត ដើម្បីបង្ហាញ និងបន្សល់ទុកឲ្យអ្នកជំនាន់ថ្មីៗខាងមុខ បន្តទៀត។ ហើយដើម្បីជាសក្ខីភាពនៃការប្តេជ្ញាចិត្តនេះ ខ្ញុំសូមកំណត់យកថ្ងៃ ៣ ធ្នូ នេះសម្រាប់ការរំលឹកខួប អនុស្សាវរីយ៍នៃការបង្កើតឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយប្រារព្ធជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះតទៅ»។
ជាមួយគ្នានោះ លោកនេត្រ ភក្រ្តា បានគូសបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ គឺមានរយៈកាលជាងបួនទសវត្សហើយ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋដ៏សំខាន់ៗ បាន និងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្ត ជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសកម្ពុជា និងលើពិភពលោក។ ស្របពេលដែលមធ្យោបាយនៃការ ផ្សព្វផ្សាយមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសការរីកចម្រើននៃបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងភ្នាក់ងារសារព័ត៌មានកម្ពុជា វិទ្យុនិងទូរទស្សន៍ជាតិ បានពង្រីកលទ្ធភាព និងពង្រឹងសមត្ថភាពមន្ត្រីដើម្បីផ្សាយព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា៖ ហ្វេសប៊ុក (Facebook) ឆាណែលតេឡេក្រាម យូធូប ទិកតុក និង អ៊ីនស្តាក្រាមរបស់ខ្លួនផងដែរ ជាពិសេសពង្រឹងការផ្សាយផ្ទាល់នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកំសាន្តជាច្រើនផ្សេងទៀត ដែលបានបង្កើនការផ្តល់ព័ត៌មានជូន ប្រជាពលរដ្ឋអ្នកស្តាប់ អាន និងទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ ព្រមទាំងសោតទស្សន៍ឱ្យស្រប តាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ក្រសួងព័ត៌មានបានពង្រីក ការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរស័ព្ទដៃបានយ៉ាងទូលំទូលាយថែមទៀតផង។
លើសពីនេះទៀត លោករដ្ឋមន្រ្តី បន្ថែមថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួន ឱ្យទៅជាស្ថាប័នកិច្ចការងារសាធារណៈរបស់រាជរដ្ឋាភិបាល។ដូច្នេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋគ្រប់ប្រភេទ ជាពិសេស ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា ទស្សនាវដ្ដី ព្រមទាំងគេហទំព័ររបស់ក្រសួង ព័ត៌មាន បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាពផ្សាយប្រកបដោយគុណភាព លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវអភិក្រមក្នុងការផ្សព្វផ្សាយព័ត៌មាន ថ្មី ពិត លឿន និងទូលំទូលាយ ហើយរួមចំណែក ក្នុងការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយ។ ជាងនេះទៀត ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា បាន និងកំពុងរួមគ្នាធ្វើទំនើបកម្ម ដើម្បីដើរតួឈានមុខទាំងលើគុណភាពខ្លឹមសារ ការផលិត និងការផ្សាយ និងកសាងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ស្របពេលដែលត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគាំទ្រ និងផ្តល់អាទិភាពសម្រាប់ការផ្តល់ព័ត៌មានជូនដល់ប្រជាជននៅទូទាំងប្រទេស និងនៅលើពិភពលោក ហើយរួមចំណែកយ៉ាងសកម្មក្នុងចូលរួមអភិវឌ្ឍន៍ និងពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕