ឡាវ៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Pingkham LASASIMMA អគ្គលេខាធិការរដ្ឋសភាឡាវ ពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក។
នៅក្នុងជំនួបទ្វេភាគីជាមិត្តភាពប្រកបដោយភាពស្និទ្ធស្នាលនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ឡេង ប៉េងឡុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋសភាឡាវ ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនាពេលនេះ។
លោកឡេង ប៉េងឡុង បានជំរាបជូនសមភាគីឡាវត្រួសៗ អំពីការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការដឹកនាំនៅកម្ពុជា ទាំងនៅកម្រិតរាជរដ្ឋាភិបាល និងនៅកម្រិតរដ្ឋសភាជាតិ។លោក បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងផ្ដល់អាទិភាពទៅលើការងារបម្រើប្រជាជន អភិវឌ្ឍធនធានមនុស្ស និងការលើកស្ទួយសេដ្ចកិច្ចឌីជីថល តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងការ ក្នុងនោះមានគម្រោងធ្វើកំណែទម្រង់ឱ្យក្លាយជាសភាឌីជីថលនៅក្នុងអាណត្តិថ្មីនេះ។ ដាក់ចេញនូវផែនការការងារច្បាស់លាស់។រីឯអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាក៏ត្រូវដើរឱ្យស៊ីសង្វាក់នឹងរដ្ឋាភិបាលដែរ។
ជាមួយគ្នានោះ លោក បានលើកសំណើជូន លោកស្រី អគ្គលេខាធិការរដ្ឋសភាឡាវ ឱ្យចាប់ផ្ដើមពិភាក្សាគ្នាក្នុងកម្រិតបច្ចេកទេស ដើម្បីឈានទៅដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក។
ជាការឆ្លើយតប លោកស្រី អគ្គលេខាធិការរដ្ឋសភាឡាវ បានឯកភាពទៅនឹងសំណើនេះ និងបានកោតសរសើរចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដ៏ជោគជ័យនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកស្រី បានគូសបញ្ជាក់ជាបឋមថា កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ គួរតែមានចំណុចមួយផ្ដោតទៅលើការធ្វើសង្គតភាពច្បាប់ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលអាចត្រូវបានចាត់ទុកថា ជាតំបន់ពិសេស។
បន្ថែមពីលើនេះ លោកស្រី បានថ្លែងអំណរគុណកម្ពុជាដែលបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋសភាឡាវ ឱ្យបានទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅកម្ពុជា និងការសន្យាជួយជ្រោមជ្រែងរដ្ឋសភាឡាវ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ នៅខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕