ក្រសួងមហាផ្ទៃ ត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិចំនួនពីរ

ភ្នំពេញ៖ ក្រោមគំនិតផ្ដួចផ្ដើម និងការដឹកនាំរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្ដិ៍នគរបាលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ។

ប្រព័ន្ធ Cambodia e-Arrival នេះ  អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជាអង្គភាពសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការជំនាញនេះ។ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលជូនអ្នកដំណើរគ្រប់រូប ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិចរួមគ្នាតែមួយដង។

សូមបញ្ជាក់ដែរថា បែបបទទាំងនោះមានដូចជា ព័ត៌មានសម្រាប់ស្នើសុំទិដ្ឋាការនៅពេលមកដល់(Visa on Arrival) សលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាល ជាដើម៕