ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នឹងចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល ១៥ ថ្ងៃ។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតនៅ ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២៣ ថ្លែងថា សម្រាប់ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានផ្ដល់ជូនគណបក្សនយោបាយ ដោយឥតគិតថ្លៃ នៅទីស្ដីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។
លោក ឌឹម សុវណ្ណារុំ បន្តទៀតថា អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា ១៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមាត្រា ២៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបំពេញលក្ខខណ្ឌតាមកំណត់នៃច្បាប់ដូចជា មានសញ្ជាតិខ្មែរពីកំណើត, មានអាយុ ៤០ ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត, មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកល ចំនួន ២ លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប,មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។
លោកបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ការអនុវត្ត សិទ្ធិបោះឆ្នោតខាងលើ ត្រូវបានកំណត់យកត្រឹមការបោះឆ្នោតជាសកលមួយលើកចុងក្រោយ ដែល រៀបចំឡើងដោយ គ.ជ.ប គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ជាមួយគ្នានោះ លោក ឌឹម សុវណ្ណារុំ ក៏បានបញ្ជាក់អំពីភាពមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជន មានដូចជា មន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទក្នុងមុខតំណែង និងបព្វជិតសាសនា ឬ ជនដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែល មិនទាន់មាននីតិសម្បទាឡើងវិញ ឬ ជនដែលត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ជនវិកលចរិត ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលទូទៅដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថកិច្ច ឬ នដែលត្រូវដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវបានលុបឈ្មោះ ពីបញ្ជីបោះឆ្នោតដោយ គ.ជ.ប ឬ សមាជិក គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ឬ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ឌឹម សុវណ្ណារុំ សង្កត់ធ្ងន់ទៀតថា ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ គណបក្សនយោបាយ ត្រូវបំពេញពាក្យសុំចុះបញ្ជីនេះ ចំនួន ២ (ពីរ) ច្បាប់ និងមានឯកសារភ្ជាប់មកជាមួយ ចំនួន ១០ (ដប់) ច្បាប់។ ចំពោះការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវពិនិត្យសម្រេច ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលពាក្យសុំ។
អំពីការប្ដឹងតវ៉ា និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ លោកឌឹម សុវណ្ណារុំ មានប្រសាសន៍ថា ក្នុងករណីគណបក្សនយោបាយមិនបានបំពេញគ្រប់លក្ខខណ្ឌ គ.ជ.ប នឹងចេញលិខិតជូនដំណឹងទៅគណបក្សនយោបាយដែលបានស្នើសុំ ដើម្បីកែតម្រូវ ឬបំពេញចំណុចខ្វះខាតយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង។ ប្រសិនបើដល់ពេលកំណត់ គណបក្សនយោបាយមិនបានបំពេញលក្ខខណ្ឌដែលបានកំណត់ គ.ជ.ប ចាត់ទុកថា គណបក្សនយោបាយនោះ បានបោះបង់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមសេចក្ដីសម្រេចបដិសេធលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយនោះ។
បេក្ខភាព ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហើយត្រូវបានបដិសេធដោយ គ.ជ.ប សាមីខ្លួន ឬសាមីគណបក្សនយោបាយ ឬតំណាងអាចប្ដឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសេចក្ដីសម្រេចបដិសេធ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ក្នុងរយៈពេល ១០ (ដប់) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹង។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បាន ជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរួចរាល់ហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្នុងចំណុច ៥.៨.៣ នៃ ប.ន.ព.ស។
សេចក្តីជូនដំណឹងនេះ បញ្ជាក់ថា គណបក្សនយោបាយត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសរុបទូទាំងប្រទេស។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។ ក្នុងន័យនេះត្រូវកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច ១៩ (ដប់ប្រាំបួន) រូប នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។ បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលភូមិភាគត្រូវមានបេក្ខជនគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប ផ្ដល់ជូន។
បន្ថែមពីនេះ គណបក្សនយោបាយត្រូវធ្វើពាក្យស្នើសុំបង់ប្រាក់តម្កល់មក គ.ជ.ប (ពាក្យស្នើសុំដូចមានភ្ជាប់មកក្នុងទម្រង់បែបបទលេខ ១០០៨)។ ក្រោយពី គ.ជ.ប បានធ្វើលិខិតទៅអគ្គនាយកដ្ឋានរតនាគារជាតិអំពីសំណើសុំអនុញ្ញាតឱ្យគណបក្សនយោបាយបង់ប្រាក់តម្កល់រួចហើយ គ.ជ.ប នឹងជូនដំណឹងទៅសាមីគណបក្សនយោបាយឱ្យអញ្ជើញទៅបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល នៅធនាគារជាតិនៃកម្ពុជា (គណនីចរន្តរបស់អគ្គនាយកដ្ឋានរតនាគារជាតិលេខ ០០០០០០០០១១១១)។ បន្ទាប់ពីទទួលបានបណ្ណបង់ប្រាក់តម្កល់ពីធនាគារជាតិនៃកម្ពុជា សាមីគណបក្សនយោបាយត្រូវយកបណ្ណបង់ប្រាក់តម្កល់នេះទៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលបានបង្កាន់ដៃបង់ប្រាក់តម្កល់ (លិខិតជូនដំណឹងឥណទានពីអគ្គនាយកដ្ឋានរតនាគារជាតិ)។
គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយនឹងអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ៕