កម្ពុជា-អង់ទីហ្កានិងបាប៊ុយជា ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

ភ្នំពេញ៖ កម្ពុជា-អង់ទីហ្កានិងបាប៊ុយជា បានធ្វើការប្ដេជ្ញាចិត្ត ចិត្តឥតងាករេ ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការ តាមវិស័យរវាងប្រទេស ទាំងពីរ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។នេះបើយោងតាមជំនួប រវាងលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកE.P. Chet Greene រដ្ឋមន្ត្រីការបរទេស កសិកម្ម ពាណិជ្ជកម្ម និងកិច្ចការ បាប៊ុយដា នៃប្រទេសអង់ទីហ្កានិងបាប៊ុយដា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។

ក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា បានជម្រាបជូន លោក Greene នូវទិដ្ឋភាពគ្រប់ជ្រុងជ្រោយស្តីពី ស្ថានភាពនយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជា។ កិច្ចពិភាក្សាក៏បាន ផ្តោតលើទំនិញដែលមានសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្ម ជាពិសេស អង្ករ និងគ្រាប់ស្វាយចន្ទី ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍និងកសិកម្ម។ ការណ៍នេះ បង្ហាញនូវការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការជំរុញការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច។

ជាមួយគ្នានោះ លោក Greene បានវាយតម្លៃខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងស្នើកម្ពុជាពិចារណាជ្រើសរើសយកប្រទេសអង់ទីហ្កានិង បាប៊ុយដា ធ្វើជាច្រកចូលទៅកាន់ទីផ្សារនៃតំបន់ការ៉ាបៀន (Caribbean)។

ភាគីទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការតាមវិស័យរវាងប្រទេស ទាំងពីរ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។
លើសពីនេះទៀត ភាគីទាំងពីរ បានពិភាក្សាលើផែនការសកម្មភាព សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។
លោក ឧបនាយករដ្ឋមន្ត្រី បានទទួលយកដោយក្តីរីករាយនូវការ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអង់ទីហ្កានិងបាប៊ុយដា ក្នុងពេលវេលាសមស្រប។ បន្ថែមពីនេះទៀត ភាគី ទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគី រួមទាំង ក្នុងស្ថាប័ននានារបស់អង្គការសហប្រជាជាតិ(UN)។
ជាងនេះទៅទៀត រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្តូរ ទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍និងកង្វល់រួមផងដែរ៕