ភ្នំពេញ៖ លោក ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវឱ្យសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតឯកទេសវះកាត់ សហការគ្នាបន្តលើកកម្ពស់គុណភាព នៃការបំរើសេវាសុខាភិបាលជូនពលរដ្ឋ ជាពិសេសការពិនិត្យព្យបាលដោយការវះកាត់ ប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាព ដើម្បីរួមចំណែកលើកដំកើងកិត្យានុភាព នៃវិស័យសុខាភិបាលរបស់ខ្មែរយើង។
ការអំពាវនាវ របស់លោក ឡឹម តារា នៅពេលនេះធ្វើឡើងក្នុពិធីបើកទិវាសល្យសាស្ត្រកម្ពុជា លើកទី២៨ ក្រោមប្រធានបទ «បច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងការវះកាត់» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ។
នាឱកាសនោះលោក ឡឹម តារា ថ្លែងថា៖ «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមផ្តាំផ្ញើរដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស និងនិស្សិតឯកទេសវះកាត់ជំនាន់ថ្មី ត្រូវយកចិត្តទុកដាក់រួមសហការគ្នា ធ្វើយ៉ាងណាឱ្យការផ្តល់សេវាវះកាត់ កាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពបំផុត ជូនដល់ប្រជាជនកម្ពុជា អោយបានជាទីគាប់ចិត្ត»។
ជាមួយគ្នានោះ លោក ឡឹម តារា ក៏បានបង្ហាញភាពរីករាយ ចំពោះភាពរីកលូតលាស់ នៃសមាគមសល្យសាស្ត្រកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៥ ព្រមទាំងមានសង្ឃឹមថា នៅពេលអនាគត នឹងមានសមាគមឯកទេសនានាថែមទៀត នឹងលេចរូបរាងឡើង ដើម្បីពង្រីកវិសាលភាព និងសមតហថភាពនៃការបម្រើសេវាជូនដល់ប្រជាជនកម្ពុជាអោយបានទូលាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះដែរ លោក ព្រាប ឡី ប្រធានសមាគមសល្យសាស្ត្រកម្ពុជា បានឱ្យដឹងថា ប្រធានបទ «បច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងការវះកាត់» នេះ ពិតជាបានឆ្លើយតប នឹងគោលនយោបាយកំណែទម្រង់សេវាសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្ថែមទៀតថា ទិវាសល្យសាស្ត្រឆ្នាំនេះ មានបទបង្ហាញស្តីពីការរិះរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺ ដោយការវះកាត់ជាច្រើន បានលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រវាងគ្រូពេទ្យជំនាញឯកទេសជាតិ និងអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី ថៃ និងជប៉ុន។
ជាមួយគ្នានេះដែរ លោក ព្រាប ឡីសង្ឃឹមថា សមាជិក សមាជិកា នៃអង្គសន្និសីទទាំងអស់នឹងខិតខំពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជំងឺ ដោយការវះកាត់ជូនប្រជាពលរដ្ឋ៕