សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងការទូតកម្ពុជា-វៀតណាមមានរយៈពេល ៥៦ឆ្នាំ ដែលបានបង្កើតឡើង ដោយគោរពស្រឡាញ់គ្នាជាបងប្អូន

ភ្នំពេញ៖ សម្តេច ម៉ែន សំអន ប្រធានសមាគមមិត្តិភាពកម្ពុជា-វៀតណាមបានលើកឡើងថា ទំនាក់ទំនងការទូតទ្វេភាគី (កម្ពុជា-វៀតណាម) មកដល់ពលនេះមានរយៈពេល ៥៦ឆ្នាំ ដែលបានបង្កើតឡើង ដោយគោរពស្រឡាញ់គ្នាជាបងប្អូន និងបានរីកចម្រើនយ៉ាងខ្លាំង ជាពិសេស នៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ ការពារជាតិ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ។

សម្តេច ម៉ែន សំអន បានលើកឡើងបែបនេះ នៅក្នុងពេលធ្វើជា អធិបតីក្នុងពិធីសន្និបាតនៃសមាគមទាំងពីរនៅខេត្តតៃនិញ ប្រទេសវៀតណាម នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ថែមពីនេះ សម្តេច ម៉ែនសំអន បញ្ជាក់បន្ថែមថា ជាពិសេស ការពង្រឹងនូវចំណងមិត្តភាព, ការទូប្រជាជន, កិច្ចសហប្រត្តិការព្រំដននៃប្រទេសទាំងពី ដើម្បីរក្សាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ជាមួយគ្នានោះ លោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាក៏បានលើកឡើងថា បន្ទាប់សមាគមមិត្តភាពវៀតណាម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសកម្មភាពសម្របសម្រួលរវាងសមាគមទាំងពីរ ដំណាក់កាលឆ្នាំ ២០២២-២០២៧ បានបង្ហាញថា ប្រទសទាំងពីរបានយកចិត្តទុក្ខដាក់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើសកម្មភាពមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងខេត្តជាប់ព្រំដែន និងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងក្លឹបធុរកិច្ចនៃសមាគមទាំងពីរ។

លោកស្រីបន្ថែមថា សកម្មភាពទាំងនេះបានបង្ហាញអំពីការពង្រឹងនូវចំណងនៃទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយបានជំរុញការកែលម្អបន្ថែមទៀតនូវគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងសមាគមទាំងពីរ និងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណីនៃសាមគ្គីភាព និងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ពិធីសន្និបាតនេះមានការអញ្ជើញចូលរួមពីថ្នាក់នាំសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលរៀបចំឡើងដោយផ្តោតជាសំខាន់លើការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យការទូតប្រជាជន និងប្រជាជន សមាគមមិត្តភាពនៃប្រទេសទាំងពីរ តាមរយៈ ការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជននិងប្រជាជន រដ្ឋាភិបាល និងរដ្ឋាភិបាល កសាងមូលដ្ឋានគ្រឹះមិត្តភាពដ៏រឹងមាំមួយសម្រាប់ការថែរក្សា ការការពារ លើកកម្ពស់ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរយៈពេលវែងដ៏ទូលំទូលាយ និងនិរន្តរភាពរវាងប្រទេសទាំងពីរ។

នាឱកាសនោះផងដែរ លោក​ ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការគាំទ្រចំពោះការរៀបចំសន្និបាតដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានគូសរំលេចពីសកម្មភាព និងលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសខេត្តស្វាយរៀង-ឡុងអាន-តៃនិញ រួមគ្នាសម្រេចបានកន្លងមក ដោយបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ការរីកចម្រើនផ្នែកសង្គម សេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍ ប្រកបដោយសន្តិសុខសុវត្ថិភាពល្អប្រសើរនៅតាមតំបន់ព្រំដែន ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្នុងការបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ​លើគ្រប់វិស័យ រឹងមាំ គង់វង្ស យូរអង្វែង ។

ជាមួយនេះលោក អភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះបណ្ដាអង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមមិត្តភាព នៃប្រទេសទាំងពីរ ដែលជា​តួអង្គ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ធ្វើឲ្យការអនុវត្តលើគ្រប់យន្តការ នៃកិច្ច​សហប្រតិបត្តិការនាពេលកន្លងមក ទទួលបានលទ្ធផលដ៏វិជ្ជមាន ៕