ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូល អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ឱ្យរួបរួម សាមគ្គីគ្នាជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ។
ក្នុងពិធីមីទ្ទីញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូលថា បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះ ជាទិវារំលឹក ពីឧត្តមគុណបំណាច់នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលយើងទាំងអស់គា្ននៅ ចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជ នីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។
ជាមួយគ្នានោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូលបញ្ជាក់ថា ដើម្បីរំលឹកនូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ នៃការទាមទារឯករាជ្យបរិបូណ៌ ប្រជាជាតិ កម្ពុជាយើងតែងតែប្រារព្ធពិធីបុណ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងនូវការ ដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជន យុទ្ធជន ប្រជាជនយើងដែលបានបូជាជីវិត ដើម្បី ឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើន រុងរឿងរបស់ប្រទេសជាតិយើង ។ នៅក្នុង ឱកាសនេះ យើងកំពុងប្រារព្ធទិវាខួបទី៧០ នៃបុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម និងកំពុងប្រារព្ធ ទិវាកំណើតកងយោធពលខេមរភូមិន្ទដ៏ជាញជ័យ ដែលប្រវត្តិសាស្ត្រជាតិបានចារឹកទុកក្នុង ស្មារតីគោរព និងចងចាំជានិច្ច។ បច្ចុប្បន្ននេះវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងមិនគ្រាន់ តែដើរតួនាទីជាកម្លាំងការពារជាតិមាតុភូមិ និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាទេ ប៉ុន្ត កំពុងបំពេញបេសកកម្មសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅលើសកលលោកថែម ទៀត។
លើសពីនេះទៀត ព្រះអង្គមានព្រះរាជបន្ទូល សង្កត់ធ្ងន់ថា អង្គមីទ្ទិញនាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងស័ក្តិ សមទៅនឹងបេសកកម្ម និងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត កម្ពុជាយើង ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្តីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ ។
ក្នុងឱកាសនោះ ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលថា «ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួម សាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ»។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូល គូសបញ្ជាក់ថា តាមរយៈមីទ្ទិញ ទ្រង់អាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជារបស់ព្រះអង្គពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ៕