ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ចិន ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា។
សម្ដេចថ្លែងបែបនេះ ក្នុងជំនួបសម្ដេច ជាមួយ លោក លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ក្នុងឱកាសនោះ លោក លី ឈីវមីង បានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។
ជាមួយគ្នានោះ លោកលី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា៖ កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ច្រករបៀងមច្ឆា និងអង្ករ ។ល។ លើសពីនេះទៀត មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ក៏បានបង្ហាញនូវក្តីជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចធិបតី ហើយប្រទេសកម្ពុជា ក៏នឹងកាន់តែមានភាពរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខទៀត ។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានកត់សម្គាល់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេស ការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងពេលដែល សម្តេច នៅបំពេញមុខងារជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
ក្នុងឱកាសនោះផងដែរ សម្តេច ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា៕