សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃ៣-៥ វិច្ឆិកា កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ នៅកម្ពុជា ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែវិច្ឆិកា បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម និងបណ្ដាខេត្តជាប់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%៕