ក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុផ្សព្វផ្សាយ “វិធានការដោះស្រាយគម្រោង វិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ”

ព្រះសីហនុ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលាផ្សព្វផ្សាយ “វិធានការដោះស្រាយគម្រោង វិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ” បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុក្នុងខែ មីនា ឆ្នាំ២០២៣ ។

ថ្លែងនៅក្នុងសិក្ខាសាលា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងវិស័យឯកជន ព្រមទាំងសារព័ត៌មាន ចំនួនជាង ១៥០ នាក់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី «វិធានការជាកញ្ចប់» សំដៅចូលរួមធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃ «វិធានការជាកញ្ចប់» ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីចុងខែមីនា ឆ្នាំ២០២៣កន្លងមក។

លោក គួច ចំរើនសង្កត់ធ្ងន់ថា« លើគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដែលបានបើកកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូល និងរកគន្លឹះយ៉ាងស្វិតស្វាញពីអន្តរក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់ជាតិ រហូតថ្នាក់ក្រោមជាតិ រួមមានអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន»។

បើតាម លោក គួច ចំរើន វិធានការជាកញ្ចប់នេះ ក្រុមការងារបានរៀបចំប្រជុំចំនួន ៥ដងរួចមកហើយ និងបានដាក់ចេញនូវផែនការសកម្មភាពនានាបានយ៉ាងខ្ជាប់ខ្ជួនតាមកាលវិភាគដែលបានកំណត់ ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការបានធ្វើការកំណត់អត្តសញ្ញាណលម្អិត កំណត់តំបន់ចូលរួមវិភាគការអនុវត្តគម្រោងសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការជំរុញអនុវត្តយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការជាដើម។

ទាក់ទិននឹងបញ្ហានេះដែរ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ  បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុក្នុងខែ មីនា ឆ្នាំ២០២៣ ហើយសិក្ខាសាលាថ្ងៃនេះ នឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវិធានការរាជរដ្ឋាភិបាល ក្នុងចំណោម តួអង្គសំខាន់ៗ និង អ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ និង ឯកជន ដើម្បីជំរុញការអនុវត្ត និងជំរុញសកម្មភាព និង សន្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និង វែង។

លោក ហ៊ាន សាហ៊ីប មានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំការសិក្សាលើការរៀបចំវិធានការ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។ តាមរយៈនេះរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍ ២៖ ទី១. ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និងទី២. ឱ្យអគារ ដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច។

ជាមួយនេះ លោក ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមមគ្គុទ្ទេសក៏ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលតាមនេះ រាជរដ្ឋាភិបាល ផ្តោតអាទិភាពលើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

បន្ថែមពីលើនេះ លោក ហ៊ាន សាហ៊ីប បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និង ម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង១ ០០០ លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និង ធុរកិច្ច ពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និង អនាគត។

បើតាម លោក ហ៊ាន សាហ៊ីប វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង គឺជា “វិធានការជាកញ្ចប់ដែលត្រូវអនុវត្ត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទៈខ្ពស់ និងមានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា និងការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើកឡើងវិញ។

លោក ហ៊ាន សាហ៊ីប បានគូសរំលេចឡើងវិញថា សិក្ខាសាលាផ្សព្វផ្សាយ នេះ ជាការអនុវត្តផែនការសកម្មភាពនៃវិធានការរាជរដ្ឋាភិបាល និង ជាជំហាន ដ៏សំខាន់មួយថែមទៀត ក្នុងកិច្ចដំណើរការដោះស្រាយគម្រោងវិនិយោគជាប់គាំង ។ ជាមួយគ្នានោះ លោកបានស្នើដល់ អ្នកចូលរួមទាំងអស់ ចូលរួមដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់ផ្សព្វផ្សាយបន្ត និងចូលរួមអនុវត្ត វិធានការនេះ ឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា ៕