ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនបានថ្លែងថា នៅក្នុងរយៈពេល២ឆ្នាំខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យអប់រំ នឹងប្រែក្លាយសាលារៀនពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ប្រមាណពី ៥០០ ទៅ ១,០០០សាលា ទៅជាសាលារៀនគំរូ។
លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើកទី៤ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា នៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២៣។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ផែនការខាងលើនេះ អនុលោមតាមស្តង់ដាចំនួន ៥៖ លទ្ធផលសិក្សារបស់សិស្ស ការបង្រៀន និងរៀន ការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន និងមានសូចនាករតាមស្តង់ដានីមួយៗ និងឧបករណ៍វាយតម្លៃ។
លោកបន្ថែមថា ទន្ទឹមនឹងនេះ អនុវិស័យការអភិវឌ្ឍនៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តោតគោលដៅតួនាទី និងភារកិច្ចរបស់ខ្លួនស្តីពីការអភិវឌ្ឍយុវជនលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ឌីជីថល ស្ម័គ្រចិត្ត និងសហគ្រិនភាព។
ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន បានឱ្យសិក្ខាកាមយកចិត្តទុកដាក់ស្តាប់អំពីទស្សនវិស័យ គោលបំណង និងគោលដៅអភិវឌ្ឍយុវជនរបស់រាជរដ្ឋាភិបាល និងចែករំលែកនូវព័ត៌មានស្តីពី បទពិសោធន៍ និងសមិទ្ធផលការងារអភិវឌ្ឍយុវជនរបស់អង្គការខ្លួន និងផ្ទាល់ខ្លួន ដែលសុទ្ធតែជាមេរៀន និងព័ត៌មានល្អៗ សម្រាប់ជាធាតុចូលដល់ការអភិវឌ្ឍយុវជនកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេល អនាគត។
លោកលើកឡើងថា៖ « ការអភិវឌ្ឍសមត្ថភាពយុវជន គឺជាការងារដែលត្រូវលើកទឹកចិត្តឱ្យមានការពង្រីកបន្ថែមនូវចំណេះដឹង ឆន្ទៈ មនសិការ និងការកសាងសមត្ថភាពវិជ្ជាជីវៈ ជាពិសេសសមត្ថភាពជំនាញសតវត្សរ៍ទី២១ ដែលនឹងរួម ចំណែកដល់ការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន។ ការបំពាក់ជំនាញថ្មីៗដល់យុវជន ធ្វើឱ្យពួកគេមានលទ្ធភាពត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ទីផ្សារការងារ ឱកាស និងការដឹកនាំ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត»។
រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការងារយុវជន គឺ៖១. ពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ២. ការបណ្តុះបណ្តាល ជំនាញ បច្ចេកទេស ៣. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ។ ឈរលើស្មារតីនេះ លោក រដ្ឋមន្រ្តីអប់រំ បានចេញ អនុសាសន៍មួយចំនួនដូចខាងក្រោម៖១. ដើម្បីលើកកម្ពស់គុណភាពអប់រំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអាទិភាពចំនួន៤៖ អភិបាលកិច្ចសាលារៀន ភាពជាដៃគូរវាងសាលារៀននិងសហគមន៍ កាលើកកម្ពស់សុខភាពសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីលើកកម្ពស់សីលធម៌ និងចរិយាធម៌ បន្ថែមពីលើស្តង់ដាសាលារៀនគំរូ។
សូមបញ្ជាក់ថា សិក្ខាសាលាដ៏មានសារសំខាន់ ធ្វើឡើងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដែលកំណត់ចន្លោះអាយុយុវជន ពី ១៥ ទៅ ៣០ឆ្នាំ និងមានចំនួនជាង ២៨.៣ភាគរយ នៃចំនួនប្រជាជនសរុប។ យុវជនកម្ពុជាត្រូវបានចាត់ទុកជាកាតាលីករប្រកបដោយសក្តានុពលមួយ ក្នុងការនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម ចីរភាពបរិស្ថាន ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការក្លាយខ្លួនទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕