៩ខែ! ក្រសួងមហាផ្ទៃ ទទួលសំណូមពរពីពលរដ្ឋចំនួន៥៩៦គណនី ឆ្លើយតបបាន២០៤ ខណៈ២៥៦ទៀត កំពុងដោះស្រាយ

ភ្នំពេញ៖ លោកស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា គិតត្រឹមរយៈ ៩ខែ ឆ្នាំ២០២៣នេះ ក្រសួង បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋបានចំនួន ៥៩៦គណនី និងបានធ្វើការដោះស្រាយ ក៏ដូចជាបានឆ្លើយតបទៅម្ចាស់គណនីបានចំនួន ២០៤គណនី ខណៈ២៥៦គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយបន្ត។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ លោក ស សុខា បានថ្លែងថា ថ្ងៃនេះលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៣។

លោកបញ្ជាក់ថា «ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៥៩៦គណនី។ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនី និង ២៥៦គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ»។

លោកបន្ថែមថា ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធវិញ។

ជាមួយគ្នានោះ លោក ស សុខា បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋក៏បានបញ្ជាក់ ជូនផងដែរអំពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២កន្លងទៅនេះដែលមានចំនួន ៣៥៤គណនី គឺបានបន្តដំណើរការដោះស្រាយរហូតមកដល់ពេលនេះបានចំនួន ១២៣គណនីបន្ថែមទៀត និងករណីកំពុងបន្តការដោះស្រាយមានចំនួន ២៣១គណនី។

លើស ពីនេះទៀត លោក ស សុខា សង្កត់ធ្ងន់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានស្នើសុំការយល់យោគអធ្យាស្រ័យ ពីប្រជាពលេរដ្ឋ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ ៕