ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងទៅកាន់ក្រុមហ៊ុនប្រេងឥន្ធនខ្នាតធំប្រចាំនៅកម្ពុជា គឺTotal energy ថា ក្រុមហ៊ុនចាំបាច់ត្រូវតែគោរពតាមស្តង់ដារសុវត្ថិភាពបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការបញ្ចេញឧស្ម័នដែលបានមកពីចំហេះប្រេងឥន្ធនៈទៅក្នុងបរិយាកាស និងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ៣០ តុលា ឆ្នាំ២០២៣ ។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រុមហ៊ុន Total energy ពិនិត្យលើលទ្ធភាពវិនិយោគលើការដាំដើមឈើ ដើម្បីរួមចំណែកស្តារព្រៃឈើឡើងវិញ ជំរុញការធ្វើអន្តរកាលថាមពលពីការប្រើប្រាស់ផូស៊ីលឥន្ធនៈ ឆ្ពោះទៅរកប្រភពថាមពស្អាត ស្របតាមយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
ជាការឆ្លើយតបលោកស្រី Dianah Jogia KUMAR តំណាងក្រុមហ៊ុនតូតាល់ប្រចាំកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តនឹងរួមចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងការស្តារនិងពង្រីកវិសាលភាពគម្របព្រៃឈើឡើងវិញឱ្យបាន ៦០% ដើម្បីក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ។
សូមរម្លឹកជូនថា យុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៣-២០២៨ របស់ក្រសួងបរិស្ថាននេះ អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០» ៕