សៀមរាប៖ សិក្ខាកាមផ្នែកដោះមីនចំនួន៨នាក់ មកពីប្រទេសកូឡំប៊ី បានមកកម្ពុជាដើម្បីទទួលការហ្វឹកហ្វឺនស្តីពីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដែលវគ្គហ្វឹកហ្វឺននេះ បានរៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) រយៈពេល៥សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប ដែលកម្មវិធីនេះគាំទ្រដោយ ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន។
លោក អ៊ុ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) មានប្រសាន៍ថា ដោយឃើញថាប្រទេស និងប្រជាជនកូឡុំប៊ី កំពុងប្រឈមមុខចំពោះបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលជាមរតកក្រោយសង្គ្រាមស៊ីវិលជាង ៥០ឆ្នាំកន្លងមក អង្គភាពសុីម៉ាក់បានជួយផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជូនមន្ត្រីជំនាញសកម្មភាពកម្ចាត់មីនកូឡុំប៊ី ជាបន្តបន្ទាប់ជាក់ស្តែងនៅពេលនេះ គឺកម្ពុជាបានជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ស្តីពីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដល់សិក្ខាកាមចំនួន ៨នាក់មកពីប្រទេសកូឡុំប៊ី ដែលមានរយៈពេល៥សប្តាហ៍ ក្នុងគោលបំណងជួយឱ្យកូឡុំប៊ីបោសសម្អាតផ្ទៃដីដែលមានមីនឱ្យបានលឿន ហើយការប្រើប្រាស់គ្រឿងចក្រនេះ គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពបោសសម្អាតមីន។
លោកបានបញ្ជាក់ថា អង្គភាពស៊ីម៉ាក់បានប្រើប្រាស់ឧបករណ៍ចំនួន៣សំខាន់ក្នុងការបោសសម្អាតមីន ក្នុងនោះមាន ការដោះមីនដោយដៃ ការដោះមីនដោយសុនខ និងការប្រើប្រាស់គ្រឿងចក្រ ដែលរហូតមកដល់ពេលនេះអង្គភាពស៊ីនម៉ាក់មានសមត្ថភាពបោសសម្អាតមីនបានលើកផ្ទៃដីជាង២០០គីឡូម៉ែត្រក្រឡា ក្នុង១ឆ្នាំ។ លោកបានបន្ត ដោយសារតែកម្ពុជាមានបទពោសោធន៍ច្រើនក្នុងការបោសសម្អាតមីនកន្លងមកនេះ អង្គភាពស៊ីម៉ាក់ក៏បានធ្លាប់ផ្តល់បទពិសោធន៍នេះទៅកាន់ប្រទេសជាច្រើនហើយដែរ ជាពិសេសដូចជា កូឡុំប៊ី ប្រទេសឡាវ ជាដើម។
លោក Cortes Sanchez Jose Reinel អនុប្រធានទី១កងពលតូចដោះមីនមនុស្សធម៌នៃប្រទេសកូឡុំប៊ី បានថ្លែងអំណរអរគុណដល់កម្ពុជា ដែលបានជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ជាច្រើនពាក់ព័ន្ធការងារបោសសម្អាតមីននេះ ដល់ប្រទេសកូឡុំប៊ី។ ហើយមន្រ្តីជំនាញកូឡុំប៊ី ដែលបានទទួលបានការហ្វឹកហ្វឺននេះ សន្យាថា នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ ដើម្បីឱ្យការងារបោសសម្អាតមីននៅដំណើរបានលឿន៕