លោក  កើត រិទ្ធ ប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងរបស់លោក ឌិន ស៊ីវុទ្ធី ជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជំនួស លោក យ៉ា ណារិន

ស្ទឹងត្រែង៖​ លោក  កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងរបស់លោក ឌិន ស៊ីវុទ្ធី ជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជំនួស លោក យ៉ា ណារិន ដែលត្រូវបានតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងលោក កែវ សុធា ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ជំនួសលោក ជេត ខេមរា ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក ឌិន ស៊ីវុទ្ធី ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូង និងលោក កែវ សុធា ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោក យ៉ា ណារិន និងលោក ជេត ខេមរា ដែលបានដឹកនាំសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និង បានរួមចំណែកក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់, មានសាមគ្គីភាពផ្ទៃក្នុងល្អ និង មានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នានា ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និង ការវាយតម្លៃខ្ពស់ផងដែរចំពោះ ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និង មន្ត្រីរដ្ឋបាលតុលាការទាំងអស់ នៃសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ដែលបានរួមគ្នាសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ជាបន្តបន្ទាប់ នាពេលកន្លងមក ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។ កិច្ចការនេះ នៅតែជាអាទិភាព ដែលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១៕