រដ្ឋមន្រ្តីសុខាភិបាល៖ WHOប៉ានប្រមាណថា កម្ពុជាមានប្រជាជនប្រហែល ២.២លាននាក់ កំពុងរស់នៅដោយមានពិការភាព

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងថា តាមរយៈអង្គការសុខភាពពិភពលោក បានធ្វើការប៉ានប្រមាណថា នៅប្រទេសកម្ពុជា មានប្រជាជនប្រហែល ២.២លាននាក់ កំពុងរស់នៅដោយមានពិការភាព ដោយក្នុងចំណោមនោះ ជនមានពិការភាពលើស ៣២០.០០០នាក់ មានការលំបាកខ្លាំងក្នុងការធ្វើចលនាប្រចាំថ្ងៃ។

ក្នុងពិធីដាក់ឱ្យអនុវត្តគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា នាអាណត្តិមុនៗ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះការងារថែទាំសុខភាពបឋម ត្រូវបានកែលម្អ និងបានចូលរួមចំណែកដល់ភាពរីកចម្រើន និងជោគជ័យ ផ្នែកសុខភាព ក្នុងប្រទេសកម្ពុជា ដោយបានកាត់បន្ថយបានជាអតិបរិមា នូវអត្រាឈឺ និងស្លាប់ របស់ទារក កុមារមានអាយុ ៥ឆ្នាំ និងស្រ្តី ជំងឺឆ្លង ដូចជា អេដស៍ គ្រុនចាញ់ របេងជាដើម។

លោកបន្តថា ជាជំហានៗទៅមុខដូចគ្នា ទៅនឹងប្រទេសក្នុងតំបន់ ការរីកចម្រើនខាងសេដ្ឋកិច្ច និងប្រជាសាស្រ្ត បាននាំឱ្យមានការរំពឹងថា នឹងមានការកើនឡើងនូវចំនួនប្រជាជន និងចំនួនវ័យចាស់ជរាដែលនឹងនាំមកនូវបន្ទុកជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងសេចក្តីត្រូវការសេវាសម្រាប់ជនដែលមានវ័យកាន់តែចាស់ជរាទៅអនាគត។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «តាមរយៈអង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាត្រូវបានប៉ានប្រមាណថា មានប្រជាជនប្រហែល ២.២លាននាក់ កំពុងរស់នៅដោយមានពិការភាព ហើយដែលក្នុងចំណោមនោះ ជនមានពិការភាពលើស ៣២០.០០០នាក់ មានការលំបាកខ្លាំងក្នុងធ្វើចលនាប្រចាំថ្ងៃ»។

លោករដ្ឋមន្រ្តីបន្ថែមថា ក្នុងចំណោមជនមានពិការភាព ដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនាទាំងនោះ មានចាស់ជរា អ្នកជំងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែកនិងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសារមីន និងគ្រោះថ្នាក់ចរាចរ។

ក្នុងឱកាសនោះ លោក ឈាង រ៉ា សង្កត់ធ្ងន់ថា ការសហការគ្នា និងបំពេញគ្នាទៅវិញទៅមក បាននឹងបង្កើតឱ្យមានប្រព័ន្ធ និងសេវាស្តារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសប្បនិម្មិត គ្រប់ជ្រុងជ្រោយដើម្បីបម្រើឱ្យផលប្រយោជន៍ជនមានពិការភាព។ គម្រោង ATscale ដែលជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗទៀតនោះ ក៏ជាសារមួយ រំលឹកទាំងអស់គ្នាថា រាជដ្ឋាភិបាលកម្ពុជាមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ និងមិនគ្រាន់តែអភិវឌ្ឍកសាងមូលដ្ឋានផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាល បានផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់ៗរូប ហើយរដ្ឋាភិបាលមិនគ្រាន់តែផ្តល់នូវឧបករណ៍អវយវៈសប្បនិម្មិតនោះទេ តែរដ្ឋាភិបាលក៏ផ្តល់ដល់ពួកគាត់នូវសេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរជីវិតឱ្យប្រសើរឡើងវិញផងដែរ។

នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី  បានលើកឡើងថានៅព្រះរាជាណាចក្រកម្ពុជា មានអត្រាជនមានពិការភាព អាយុ៥ឆ្នាំឡើងសរុបចំនួន ៦៨៩,៤៥៧ នាក់ ស្មើនឹង ៤.៩% នៃប្រជាជនសរុប (យោងតាមជំនឿឆ្នាំ២០១៩)។ ហើយមូលហេតុចម្បងៗដែលនាំឱ្យមានពិការភាព គឺបណ្តាលមកពីជំងឺផ្សេងៗ កង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត ដែលមូលហេតុទាំងនេះប្រែប្រួលទៅតាមបម្រែបម្រួលប្រជាសាស្រ្ត និងសម័យកាល។

ជាមួយគ្នានោះ លោក ជា សុមេធី បានបង្ហាញនូវក្តីសង្ឃឹមថា ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទាំងពីរ និងកម្មវិធីអេធីស្កេល នឹងបង្កើនកម្រិតកិច្ចសហប្រតិបត្តិការឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាជំនួយសម្រាប់ជនមានពិការភាពនៅកម្ពុជា៕