ភ្នំពេញ៖ រុស្ស៊ី បានបញ្ជាក់ជំហរអំពីការប្តេជ្ញាចិត្ត ក្នុងការជំរុញក្រុមហ៊ុនវិនិយោគរបស់ខ្លួន ឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។នេះបើយោងតាមជំនួបរវាង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា កាលពីព្រឹកមិញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នៅវិមានសន្តិភាព។
ក្នុងឱកាសនោះ លោក Anatoly Borovik បានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។
ជាការឆ្លើយតប សម្តេច មានប្រសាសន៍ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។
ជាមួយគ្នានោះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេស ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ហើយក៏គ្រោងនឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ក៏ដូចជាការផ្លាស់ប្តូរក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងនៃការចូលចតនាវារុស្ស៊ី នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះជាដើម ។
ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីរុស្ស៊ីក៏បានបញ្ជាក់ «អំពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន»។
ចំពោះទិសដៅទៅមុខ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ផងដែរ៕