ភ្នំពេញ៖ អង្គភាពបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើបទពិសោធន៍ជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ (CMAC) កម្ពុជា ក៏ដូចជាប្រសិទ្ធភាព និងល្បឿននៃប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ តាមរយៈការធ្វើសមាហរណកម្មកម្លាំងជំនាញរួមគ្នា រួមមាន អ្នកឯកទេសបោសម្អាតមីន ឧបករណ៍បោសសម្អាតមីន គ្រឿងចក្រ សុនខហិតមីន និងកណ្តុរហិតមីនជាដើម។ នេះបើយោងតាម ជំនួបរវាងលោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ជាមួយលោកVaghinak Sargsyan នាយកមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានឯកភាពគ្នា ដោយមានការគាំទ្រពីUNDP អង្គភាពបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី ក៏នឹងអញ្ជើញមន្រ្តីជំនាញអង្គភាពស៊ីម៉ាក់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេនី ដើម្បចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេសដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពកិច្ចប្រតិបត្តិការបោសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ខ្លួន និងប្រទេសក្នុងតំបន់ផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរបស់អង្គភាពបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី បានអញ្ជើញទៅទស្សនកិច្ចសិក្សា នៅតាមការដ្ឋានបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ នៅខេត្តកំពង់ឆ្នាំង បាត់ដំបង និងខេត្តបៃលិន៕