ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានសម្រេចបិទលំហូរចរាចរលើកំណាត់ផ្លូវលេខ១០៤ ដោយគិតចាប់ពីកែងផ្លូវក្រវាត់ក្រុងទី៣ រហូតដល់ព្រុំប្រទល់ នៃខេត្តកណ្តាល ដោយសារតែស្ថានភាពផ្លូវត្រូវទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្លាំងរហូតហូរកាត់ ។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានBTV ឱ្យដឹងថា ផ្លូវខាងលើ គឺស្ថិតនៅក្បែរប្របនឹងសណ្តរស្ទឹង ដោយអាជ្ញាធរបិទលំហូរចរាចរណ៍ប្រមាណ២ជាងគីឡូម៉ែត្រ ដោយក្នុងនោះ មានការអនុញ្ញាត្តិឱ្យឆ្លងកាត់តែសម្រាប់ម៉ូតូតែប៉ុណ្ណោះ ក្រៅពីនោះគ្រប់យានយន្តគ្រប់ប្រភេទ គឺត្រូវបានហាមឃាត់ ដោយតម្រូវឱ្យធ្វើដំណើរវៀងទៅផ្លូវផ្សេង លើកលែងតែម្ចាស់យានយន្តទាំងឡាយណាដែលជាពលរដ្ឋរស់នៅក្បែរតំបន់រងគ្រោះនោះប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូល ។
ជាមួយគ្នានេះ លោក ឃួង ស្រេង អអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១តុលាឆ្នាំ២០២៣នេ ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជន់លិចក្នុងភូមិសាស្ត្រនៃសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១តុលាឆ្នាំ២០២៣នេះបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមសណ្តស្ទឹងព្រែកត្នោត សូមឱ្យមានប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យបាត់ពីភ្នែក បេីទោះបីក្មេងៗរស់នៅជិតស្ទឹងចេះហែលទឹក ក៏ប៉ុន្តែទឹកហូរខ្លាំងអាណាព្យាបាលគប្បីមានការប្រុងប្រយត្ន័ឱ្យបានខ្ពស់។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃមកនេះទឹកបានជន់លិចផ្ទះប្រជាពលរដ្ឋរស់នៅតាមសណ្តស្ទឹង ក្នុងសង្កាត់ចំនួន១០ ប៉ុន្តែមិនរងការលិចទាំងស្រុងនោះទេ។ ក្នុងនោះ ប្រជារដ្ឋភាគច្រេីនក៏មិនបានធ្វេីការរេីចេញនោះដែរ ដោយផ្ទះពួកគាត់ភាគច្រេីន មានជាន់លេីជាន់ក្រោម។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋតាមដងស្ទឹង ជាធម្មតាតែងរងការលិចជារៀងរាល់ឆ្នាំប៉ុន្តែពួកគាត់អត់រេីចេញ ដោយសារពួកគាត់គិតថាទឹកនេះ លិចមិនយូរ។ លោកបានបន្តថាមកដល់ពេលនេះ ទឹកចាប់ផ្តេីមនឹងហេីយ ដោយស្ថានភាពទឹកនៅប៉ែកខាងលេីចាប់ផ្តេីមស្រកហេីយ ដូច្នេះភ្លាមៗស្ថានភាពទឹកផ្នែកខាងក្រោមមិនទាន់ស្រកនៅឡេីយ ដោយសារគេទេីបបិទទ្វារទឹកកាលពីពេលម្សិលមិញ។
លោកអភិបាលរាជធានី ក៏បានមានប្រសាសន៍ឱ្យដឹងដែរថាកម្លាំងសមត្ថកិច្ចចម្រុះបានត្រៀមខ្លួនរួចជាស្រេច ក្នុងនោះរួមមានកម្លាំងសង្រ្គោះគ្រោះមហន្តរាយធម្មជាតិកម្លាំងអង្គរក្សកម្លាំងយោធិភូមិភាគពិសេសគឺបានត្រៀមគ្រប់មជ្ឈដ្ឋានដេីម្បីការត្រៀមសង្រ្គោះប្រជាពលរដ្ឋ។ នៅក្នុងនោះក៏មានគណបញ្ជាការឯកភាពរបស់រដ្ឋបាលរាជធានីភ្នំពេញគឺជាកងកម្លាំងពិសេសគឺនៅជាប់ជាមួយប្រជាពលរដ្ឋហេីយដាក់ខ្សែត្រៀមនៅជួរមុខ រួចស្រេចផងដែរ។
អភិបាលរាជធានី បានបញ្ជាក់ថា ក្នុងខណ្ឌដង្កោ បានរងការលិចលង់ប្រមាណ១០សង្កាត់ គិតជាគ្រួសារ ២.០៧៥គ្រួសារ ដែលត្រូវរៀបចំផ្តល់អំណោយសង្រ្គោះជូនពួកគាត់។ ព្រឹកមិញនេះ ក៏មានប្រជាពលរដ្ឋខ្លះបានសម្រេចរេីផ្ទះមកនៅលេីទួលសុវត្ថិភាពបណ្តោះអាសន្នផងដែរ ដោយសារផ្ទះគាត់ទាបហេីយអត់មានជាន់ខាងលេី។ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបាយទឹកជូនប្រជាពលរដ្ឋដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងនេះ ហេីយក៏មានក្រុមគ្រូពេទ្យចាំសង្រ្គោះផងដែរ។
លោកអភិបាលក្នុងដំណេីរចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខណ្ឌដង្កោក៏បានបញ្ជាឱ្យប្រធានមន្ទីរសុខាភិបាលត្រូវចាត់ចែងកម្លាំងគ្រូពេទ្យចេញធ្វេីសកម្មភាពពិសេស នៅមណ្ឌលសុខភាពដែលកំពុងលិចលង់និងបានបញ្ជាឱ្យដាក់ទូកតូចៗចាំជួយសម្រួលដល់ប្រជាពលរដ្ឋមួយចំនួន ដែលត្រូវការឆ្លងទៅឆ្លងមកនៅតាមទីកន្លែងដែលមានទឹកជំនន់ផងដែរ៕