ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនឡាវ រួមមានខេត្តចំប៉ាសាក់ ខេត្តសាលាវណ្ណ ខេត្តសេកុង និងខេត្តអាតាពឺ។ សូមបញ្ជាក់ថា គណៈប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
ក្នុងកិច្ចប្រជុំនេះ លោក Linkham DOUANSAVANH ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន បានលើកឡើងថា ភាគីទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍គួរជម្រុញ SME ឱ្យវិនិយោគឱ្យបានច្រើនក្នុងតំបន់ត្រីកោណ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទេសចរណ៍បៃតងប្រឆាំងការជួញដូរមនុស្ស និងការទប់ស្កាត់ភេរវកម្មឆ្លងដែនជាដើម។
ខេត្តទាំង៤មានគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងនោះ ខេត្តចំប៉ាសាក់តែមួយ មាន៦៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៩០០លានដុល្លារ។ គម្រោងអាទិភាពចំនួន២ នៅក្នុងខេត្តចំប៉ាសាក់ គឺគម្រោងកសាងផ្លូវលេខ៧២ ចំណាយថវិកា៨លានដុល្លារ និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ចំណាយថវិកាជាង៣លានដុល្លារ។ គម្រោងទាំងអស់នេះបាននិងកំពុងផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រមាណជា១,៤លាននាក់នៅក្នុងខេត្តទាំង៤នេះរបស់ប្រទេសឡាវ។ សក្ដានុពលលេចធ្លោផ្សេងទៀតនៃខេត្តរបស់ប្រទេសឡាវក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺទំនប់វារីអគ្គិសនី ដំណាំកាហ្វេ តែ រ៉ែ ឈើឧស្សាហកម្ម និងទេសចរណ៍ជាដើម។
លោក សួស យ៉ារ៉ា ប្រធានគណៈប្រតិភូកម្ពុជាបានកោតសរសើរចំពោះគម្រោងវិនិយោគនានានៅក្នុងខេត្តទាំង៤ គាំទ្រគំនិតជម្រុញបញ្ចប់ការបោះបង្គោលព្រំដែន ដើម្បីធ្វើឱ្យព្រំដែនកម្ពុជា-ឡាវ-វៀតណាម ក្លាយជាព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍យូរអង្វែង។ ឯកឧត្ដមក៏បានគាំទ្រផងដែរដល់ការជួយជម្រុញឱ្យមាន SME ច្រើននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។ ឯកឧត្ដមថែមទាំងបានលើកគំនិតផ្ដួចផ្ដើមបង្កើត “សមាគមរដ្ឋសភាដងទន្លេមេគង្គ” គាំទ្រការធ្វើសុខដុមនីយដកម្មច្បាប់នៃប្រទេសទាំងបី និងជម្រុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងទេសចរណ៍ជាដើម។
ចំណែកលោក វ៉ូ ហាយហា ប្រធានគណៈប្រតិភូវៀតណាម លោក បានមានប្រសាសន៍ថា ប្រទេសទាំងបីត្រូវជម្រុញទេសចរណ៍នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យបាន៣,៣លាននាក់ ក្នុងមួយឆ្នាំដូចដែលបានកំណត់រួចហើយ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះ តំបន់ត្រីកោណទើបទទួលទេសចរបានជាង២លាននាក់ប៉ុណ្ណោះ។ ដូច្នេះ ភាគីទាំងបីគួរពិចារណាលើការជួយសម្របសម្រួលបែបបទគយ និងលិខិតស្នាមផ្សេងៗឱ្យទាន់ពេលវេលា និងឆាប់រហ័ស។ ពាក់ពន្ធ័នឹងការបណ្តុះបណ្តាល ខេត្តទាំង៥របស់វៀតណាមមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ មហាវិទ្យាល័យជាច្រើន។
ភាគីវៀតណាបានលើកសំណើសុំឱ្យមានការចែករំលែកព័ត៌មានអំពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគ្នា ដើម្បីងាយបង្កើតផែនការឱ្យត្រូវនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបានគូសបញ្ជាក់ផងដែរថា វិស័យសុខាភិបាលជាវិស័យអាទិភាពមួយសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដូច្នេះប្រទេសទាំងបីគួរជួយជម្រុញបង្កើតមន្ទីរពេទ្យ និងជម្រុញឱ្យមានការពិគ្រោះជំងឺតាមអនឡាញ ៕