ភ្នំពេញ៖ លោក ឈរ ដារ៉ា នៅថ្ងៃទី១៦ ខែតុលានេះ បានធ្វើលិខិតបំភ្លឺជាសាធារណៈកំរាស់ពីរទំព័រច្រានចោលជុំវិញការចុះផ្សាយខុសពីការពិត មិនគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន និងមិនបានសិក្សាស៊ីជម្រៅជុំវិញយន្តការនៃការដោះស្រាយវិវាទដីធ្លីពាក់ព័ន្ធសំណុំរឿងដីធ្លីលោកនៅស្រុកពញាឭ ខេត្តកណ្តាល។
ការចេញមុខបំភ្លឺរបស់លោកនេះ គឺធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះមានសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយសរសេររិះគន់ វាយប្រហារ មូលបង្កាច់បង្ខូច កាត់តជាវីដេអូ បញ្ចេញបញ្ចូល លើកដាក់ ទម្លាក់សម្លេង បង្កើតជាឈុតឆាក ចេញជាវីដេអូព័ត៌មានដូចរឿងភាគ ពាក់ព័ន្ធនឹងការដាក់ពាក្យបណ្តឹងទប់ស្កាត់ក្បាលដីរបស់លោកដែលមានទីតាំងស្ថិតនៅភូមិបឹងក្ដុល និងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល។
យោងតាមលិខិតបំភ្លឺជាសាធារណៈរបស់លោក ឈរ ដារ៉ា ដែលសារព័ត៌មានខ្មែរឈានមុខទើបទទួលបាននៅថ្ងៃទី១៨ តុលានេះ លោកចាត់ទុកថា «ការប្រើប្រាស់បណ្តាញសារព័ត៌មានខុសវិជ្ជាជីវៈ គ្មានក្រមសីលធម៌ វាមិនបានផ្តល់នូវភាពយុត្តិធម៌ដល់គូភាគីពាក់ព័ន្ធនោះ តែផ្ទុយទៅវិញ ការចុះផ្សាយទាំងនេះធ្វើឱ្យរាំងស្ទះដល់ដំណើរការស្វែងរកយុត្តិធម៌ឱ្យគូភាគីនៅក្នុងវិវាទនេះ ដែលធ្វើឱ្យវិវាទនេះកាន់តែអូសបន្លាយទៅមុខទៀត»។
«ខ្ញុំបាទមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការចុះផ្សាយរបស់អង្គភាពសារព័ត៌មានទាំងនោះ ដែលធ្វើឡើងគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់មិនគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការមិនបានសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីយន្តការនៃការដោះស្រាយវិវាទដីធ្លី និងច្បាប់ពាក់ព័ន្ធ ដែលកម្ពុជាកំពុងដំណើរការបច្ចុប្បន្ន ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីឆ្នាំ២០២០ ដែលសម្តេចបានលើកឡើងថា “អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”»។ នេះបើតាមការលើកឡើងរបស់លោក ឈរ ដារ៉ា។
ជុំវិញការដាក់ពាក្យបណ្តឹងទប់ស្កាត់ក្បាលដីរបស់លោកនៅស្រុកពញាឭនេះវិញ លោកថាគឺធ្វើឡើងស្របតាមវិធានដែលមានចែងនៅក្នុងអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងវិធានដែលមានចែងនៅក្នុងអនុក្រឹត្យស្ដី ពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការសុរិយោដី ហើយជាក់ស្ដែងគណៈកម្មការសុរិយោដីថ្នាក់ស្រុក កំពុងធ្វើការដោះស្រាយពាក់ព័ន្ធករណីនេះ។
ជាថ្មីម្តងទៀតលោកសំណូមពរជាសាធារណៈចំពោះស្ថាប័នពាក់ព័ន្ធ ដែលមានសមត្ថកិច្ចពាក់ព័ន្ធសូមធ្វើការចាត់វិធានការ និងស្វែងរកយុត្តិធម៌ជូនលោក និងក្រុមគ្រួសារ និងធ្វើការច្រានចោលជុំវិញការផ្សាយរបស់សារព័ត៌មានខាងលើនេះ។
ព្រមជាមួយគ្នានេះ លោកក៏បានស្នើសុំឱ្យធ្វើការលុបចោល និងកែតម្រូវជាបន្ទាន់ ជុំវិញការបំភ្លឺ និងឆ្លើយតបរបស់លោក ដែលបានឱ្យសារព័ត៌មានធ្វើការចុះផ្សាយ ក្នុងចេតនាច្បាស់លាស់ និងមានការរៀបចំទុកជាមុនរារាំងមិនឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីរបស់ខ្ញុំបាទអាចប្រព្រឹត្តិទៅបាន។
សូមរំលឹកជូនថា កាលពីពេលថ្មីៗនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងពង្រឹងច្បាប់ និងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រោះបច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡានច្រើនដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។
បើតាម លោករដ្ឋមន្រ្តី ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន ដើម្បីឱ្យស្របទៅនឹងការវិវត្តជារួម, ពិនិត្យមើលទៅលើច្បាប់ផ្សេងទៀតដែលជាមូលដ្ឋានគ្រឹះនៃការការពារផលប្រយោជន៍នៅក្នុងវិស័យព័ត៌មាន, ពិនិត្យលិខិតបទដ្ឋានមួយចំនួនដែលមិនទាន់បានធ្វើ, តាមដាននិងពិនិត្យរកព័ត៌មានក្លែងក្លាយ និងធ្វើកិច្ចសហប្រតិបត្តិការជាពិសេសនឹងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មានដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីរូបនេះ បាន ស្នើដល់អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ព្រោះការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ ហើយក៏ជា ការរក្សាតម្លៃថ្លៃថ្នូរក្នុងនាមជាអ្នកសារព័ត៌មានផងដែរ៕