ភ្នំពេញ៖ គណៈកម្មាធិការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដីណែនាំ ស្ដីពីការរឹតត្បិត ការលេងល្បែងក្នុងកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្ដីណែនាំ បានឱ្យដឹងថា យោងតាម ព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អនុក្រឹត្យលេខ ១០២ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីការពិន័យអន្តរការណ៍ ចំពោះបទល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
សេចក្ដីណែនាំបញ្ជាក់ថា ដោយអនុលោមតាមមាត្រា៦៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា ការចូលលេងល្បែង នៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គល ដូចខាងក្រោម៖
បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធន ដោយតុលាការ។ បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន។ បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។ បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ និង ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និង ពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោត។
សេចក្ដីណែនាំបន្ថែមថា ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវបានហាមឃាត់ចំពោះកម្មករ និយោជិតរបស់ប្រតិបត្តិករកាស៊ីណូឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគ កំពុងបម្រើការនៅទីនោះ។
ជាមួយគ្នានោះ សេចក្ដីណែនាំបានសង្កត់ធ្ងន់ថា ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាថា បុគ្គលដែលត្រូវបានរឹតត្បិតខាងលើ មិនចូលលេងល្បែងក្នុងកាស៊ីណូ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមធ្វើការណែនាំដល់ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដូចខាងក្រោម៖
ទី១. ត្រូវខណ្ឌចែកកន្លែងលេងល្បែងឱ្យច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់សមស្របដើម្បី
បង្ហាញទីតាំងលេងល្បែង។ ទី២. ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ចំពោះបុគ្គលដែលត្រូវបានរឹតត្បិតពីការលេងល្បែង នៅច្រក។ ទី៣. ត្រូវមានកម្លាំងភ្នាក់ងារសន្តិសុខ និងមានយន្តការតាមដានត្រួតពិនិត្យការចូលលេងល្បែង របស់ភ្ញៀវល្បែងឱ្យមានប្រសិទ្ធភាព ទី៤. ត្រូវហាមឃាត់បុគ្គលដែលត្រូវបានរឹតត្បិតពីការចូលលេងល្បែងនៅក្នុងកាស៊ីណូរបស់ខ្លួន និង បណ្តេញបុគ្គលទាំងនោះចេញពីទីតាំងលេងល្បែង និង ទី៥. ត្រូវរក្សាទុករបាយការណ៍បច្ចុប្បន្នកម្ម អំពីការរឹតត្បិតភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូ របស់ខ្លួន។
សេចក្ដីណែនាំបន្ថែមថា ក្នុងករណី ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូមិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម រដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕