គណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្របខណ្ឌ(CLV) ទៅទស្សនកិច្ចដល់តំបន់ត្រីកោណអភិវឌ្ឍន៍ ដោយឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នុងខេត្តរតនគិរី

ភ្នំពេញ៖ គណ:ប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្របខណ្ឌ(CLV) ដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទៅទស្សនកិច្ចក្នុងតំបន់ត្រីកោណ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃរដ្ឋសភាប្រទេសវៀតណាម និងឡាវផងដែរ។

សមាជិកគណៈប្រតិភូសភាកម្ពុជាទាំងអស់មកពីបីគណៈកម្មការ សរុប៨រូប រួមមាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ:  និងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។

ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជានៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវពីសំណាក់ភាគីវៀតណាម មាន លោក  ឡេ អាញ់ ទួន(Lê Anh Tuấn) អនុប្រធានប្រចាំការគណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកអភិបាលរងខេត្ត ហ្សា ឡាយ លោក ហ្វាម ហ័ងហាយ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងសហការីជាច្រើនរូបទៀត។

ក្រោយពីបានឡើងទៅដល់លើកំពូលភ្នំ ដែលមានស្ដូបឈ្មោះប្រទេសទាំងបីរួចមក គណៈប្រតិភូបានបន្តទៅទស្សនាស្វែងយល់អំពីរោងចក្រQuicornac ដែលជារោងចក្រកែច្នៃផ្លែផាស់សិន។ នេះជាគម្រូនៃការអភិវឌ្ឍមួយដែលអាចផ្ដល់ជាគំនិតអភិវឌ្ឍន៍នៅនឹងកន្លែងសម្រាប់ខេត្តជាប់ព្រំដែនផ្សេងទៀត។

សូមជម្រាបជូនថា នេះជាលើកទី១ និងជាថ្ងៃប្រវត្តិសាស្ត្រដែលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានអញ្ជើញធ្វើទស្សនកិច្ចរួមគ្នាទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលស្ថិតនៅក្រោមគំនិតផ្តួចផ្ដើមមួយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកសាងព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រទេសទាំងបី។ សម្រាប់ថ្ងៃទី១ នៃដំណើរទស្សនកិច្ចនេះ គណ:ប្រតិភូនៃរដ្ឋសភាកម្ពុជាក៏បានសង្កេតឃើញ និងកោតសរសើរដល់ប្រទេសវៀតណាមដែលបានធ្វើការអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធផ្លូវថ្នល់ជាប់ព្រំដែនបានល្អ ជាពិសេសបានចាប់ផ្តើមធ្វើការអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញ ដោយបានកសាងបង្គោលផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ជាច្រើនបង្គោលនៅលើកំពូលភ្នំ ក្នុងខេត្តជាប់ព្រំដែន៕