ចិន ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការស្នើភាគីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿន ការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ។ សម្ដេចថ្លែងបែបនេះ ក្នុងឱកាស ដែលសម្ដេច ជួបពិភាក្សាការងារជាមួយ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងឱកាសនោះ លោកវ៉ វ៉ាន់ធឿង បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី, ប្រទេសកម្ពុជានឹងអាចអនុវត្តដោយជោគជ័យនូវរាល់គោលនយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះលោក វ៉ វ៉ាន់ធឿង បញ្ជាក់ថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
ជាការឆ្លើយតប សម្តេច បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត «ក៏បានស្នើ ឯកឧត្តម ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍»។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតីវៀតណាម ក៏បានស្នើសម្ដេច ឱ្យបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងក្នុងការយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។
ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី បានទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្រប នាពេលឆាប់ៗខាងមុខនេះ៕