សម្ដេច ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នឹងបន្តផ្តល់អាទិភាពខ្ពស់លើការ គ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព និងគ្រប់ កាលៈទេសៈនៃហេតុការណ៍គ្រោះមហន្តរាយដោយផ្សារភ្ជាប់ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍ នៅមូលដ្ឋាន។

តាមរយៈសារលិខិត ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣»សម្ដេច បានថ្លែងថា ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ និងជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះមិនថាវិស័យណាមួយ ស្ថាប័នណាមួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន គិតទាំងបុគ្គលគ្រប់រូបសុទ្ធតែមានភារកិច្ចនិងជាប់ ពាក់ព័ន្ធរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ក្នុងន័យនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺមានតួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការវិនិយោគភាពវៃឆ្លាតគឺការវិភាជន៍ទុន និងធនធានដោយផ្ទាល់ ដើម្បីធ្វើ សមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងការអភិវឌ្ឍសហគមន៍។

សម្ដេចមានប្រសាសន៍បន្តថា«រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព និងគ្រប់ កាលៈទេសៈនៃហេតុការណ៍គ្រោះមហន្តរាយដោយផ្សារភ្ជាប់ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍ នៅមូលដ្ឋានធ្វើយ៉ាងណាធានាជំរុញលំហូរធនធានឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយនៅ ថ្នាក់ក្រោមជាតិ»។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវា អន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ គឺជាការផ្សារភ្ជាប់នូវកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ រួមជាមួយ ថ្នាក់តំបន់ និងអន្តរជាតិ អំពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបង្ហាញអំពីជំហរ ការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់ប្រជាជាតិអាស៊ាន ក្នុងការរួមគ្នាគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការ អនុវត្តកិច្ចព្រមព្រៀងអាស៊ានស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ក្នុងស្មារតីការ លើកកម្ពស់ អាស៊ានតែមួយ ការឆ្លើយតបតែមួយ ហើយក៏ជាការបញ្ជាក់ពីការប្តេជ្ញាចិត្តខាងនយោបាយ ចូលរួមក្នុង បេសកកម្មកាត់បន្ថយឱ្យបានច្រើនគួរសមពីហានិភ័យគ្រោះមហន្តរាយ ការបាត់បង់អាយុជីវិត ជីវភាពរស់នៅ និង នៅក្នុងសេដ្ឋកិច្ច សង្គម សុខភាព វប្បធម៌ និងបរិស្ថាន ទ្រព្យសម្បត្តិបុគ្គល សហគមន៍ និងប្រទេស ស្របតាម ក្របខណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០៕