ភ្នំពេញ ៖ កម្ពុជា-តួកគី ប្តេជ្ញារួមគ្នាក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ១ប៊ីលានដុល្លារ។ នេះបើយោងតាមជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោកស្រី ülkù Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស។
ក្នុងជំនួប ភាគីទាំងពីរ បានកត់សម្គាល់ដោយសេចក្ដីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ខណៈដែលកម្ពុជា និងតួកគីនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការ រៀបចំសកម្មភាពរួមគ្នានានា ដើម្បីអបអរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរ យោបល់គ្នាអំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងផ្តល់អាទិភាពលើវិស័យសក្តានុពលនានា នៃកិច្ចសហប្រតិបត្តិការដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ។
ជាងនេះទៅទៀត ភាគីទាំងពីរ «បានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ ប៊ីលានដុល្លារអាមេរិក»។ ក្នុងន័យនេះ លោកស្រី ülkù Kocaefe បានគូសបញ្ជាក់ថា តួកគី បានបង្កើតឱ្យមានជាលើកដំបូងនូវ ការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវ កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
ក្នុងឱកាសនោះ លោកស្រីទូត បានបញ្ជាក់ថា រដ្ឋាភិបាលតួកគី បានប្ដេជ្ញាចិត្ត ក្នុងការជួយដល់កម្ពុជា ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការតាមរយៈទីភ្នាក់ងារសម្របសម្រួល និងសហប្រតិបត្តិការតួកគី (TIKA)។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងស្មោះសរ ចំពោះរដ្ឋាភិបាលតួកគីសម្រាប់ ការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា៕