ភ្នំពេញ ៖លោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការជំរុញឱ្យគ្រប់អង្គការដៃគូក្នុង និងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាពរបស់ក្រសួង ដើម្បីឈានទៅសម្រេចទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព ។
ក្នុងជំនួបជាមួយលោក អ៊ុ សូនី នាយកប្រតិបត្តិអង្គការ Conservation International ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោកអ៊ាង សុផល្លែត បានជំរុញឱ្យអង្គការដៃគូ ដែលអនុវត្តគម្រោងទាំងអស់ ចាំបាច់ត្រូវមានការទទួលខុសត្រូវ និងបកស្រាយពន្យល់ជូនប្រជាពលរដ្ឋ លើព័ត៌មានមួយចំនួន ទាក់ទងនឹងព្រៃឈើ ខណៈដែលគម្រោងរបស់អង្គការ បាននឹងកំពុងអភិវឌ្ឍនៅក្នុងតំបន់គោលដៅទាំងនោះ។
លោកបន្តថា «ខ្ញុំសូមស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូក្នុង និងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាពរបស់ក្រសួង ឈានទៅសម្រេចទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព»។
ក្នុងឱកាសនោះលោក អ៊ុ សូនី ក៏បានបញ្ជាក់អំពី វឌ្ឍនភាពគម្រោង និងកិច្ចសហការក្នុងភាពជាដៃគូ ដែលរួមមាន តំបន់ការពារទេសភាពដីគោក និងការអភិរក្សតំបន់ទឹកសាប នៅក្នុងខេត្តគោលដៅដែលរួមមានជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃឡង់ និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង ។ ជាមួយគ្នានោះ នាយកប្រតិបត្តិអង្គការ CI ក៏បានគូសបញ្ជាក់ផងដែរ អំពីគម្រោងនៃកិច្ចសហការបន្ត លើការស្តារ និងសំអាតបឹងទន្លេសាបឡើងវិញ REDD+ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ការរៀបចំគោលនយោបាយ ការបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានសេដ្ឋកិច្ចវិជ្ជមាននៅកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី ក៏បានសម្ដែងនូវការថ្លែងអំណរគុណ ចំពោះសហរដ្ឋអាមេរិក ដែលបានរួមចំណែកជួយដល់កម្ពុជាក្នុងវិស័យបរិស្ថានកន្លងមកផងដែរ៕