សៀមរាប៖ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ដែលស្ថិតនៅក្បែរប្រាសទអង្គរវត្ដ នឹងត្រូវបញ្ចប់ការចុះចតជាស្ថាពរនៅវេលាម៉ោង ០០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ក៏នឹងត្រូវបានចាប់ផ្ដើមបើកជើងហោះជាផ្លូវការនៅថ្ងៃតែមួយតែម្ដង។
លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល នៅថ្ងៃទី ១១ ខែតុលា នេះ បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់រួចជាស្ថាពរ ហើយត្រូវបានបើការហោះហើរសាកល្បងទទួលបានជោគជ័យផងដែរ។ ក្នុងនោះបុគ្គលិកចំនួន ៥០០នាក់មកជាច្រើនស្ថាប័ន នឹងត្រូវទៅបំរើនៅអាកាសយានដ្ឋានថ្មី ខណៈបច្ចុប្បន្ននេះ មានបុគ្គលិកប្រមាណ៦០ទៅ៧០ភាគរយ បានទៅបំពេញការងារដែលស្ថិតនៅស្រុកសូទ្រនិគម មានចំងាយយជាង ៤០គីឡូម៉ែត្រពីទីតាំងចាស់។
លោកបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ស្ថិតនៅក្រុងសៀមរាប បានចាប់បើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៧០ អាកាសយានដ្ឋានបានបិទទ្វារដោយសារសង្គមស៊ីវិលនៅកម្ពុជា ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦។ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបចាស់ មានទីតាំងតូច និងជិតប្រាសាទអង្គរវត្ដ ដែលមិនអាចចុះចតយន្ដហោះធំៗបាន នឹងបិទការហោះហើរជាផ្លូវការចាប់ពីម៉ោង០០នាទីយប់ថ្ងៃទី១៦ ខែតុលខាងមុខនេះ ខណៈអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ជាសមិទ្ធិផលដ៍ធំបំផុតមិនធ្លាប់មាននៅកម្បុជា។
សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានវិនិយោគទឹកប្រាក់ចំនួន ១.១០០លានដុល្លារអាមេរិក ដោយមានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ ក្នុងឆ្នាំ២០៤០ខាងមុខ ហើយមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបាន ចំនួន១០.០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦.០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ៕