ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការមួយចំនួន ក្នុងការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដល់រដ្ឋបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ចក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្ដាច្រកទ្វារព្រំដែន និងអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបានចុះហត្ថលេខា ដោយលោកស សុខា ដែលជារដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ចក្នុងការគ្រប់គ្រងនិង ត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែន និងអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកជាថ្មីដល់ អភិបាលនៃគណៈអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ត្រូវបន្តយកចិត្ត ទុកដាក់អនុវត្តនូវការងារមួយចំនួនដូចខាងក្រោម៖
១. ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវ ធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។
២. ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៣. ត្រូវក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពី ពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែន ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
៤. ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការ រើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិនិងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែន ឱ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង នៅតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។
៥. ត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ត្រូវធ្វើ ការអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយ ក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់។
៦. បន្តអប់រំ ណែនាំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជូនប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមតំបន់ព្រំដែនឱ្យបានយល់ជ្រួតជ្រាបអំពីបែបបទនីតិវិធីនៃការឆ្លងកាត់ព្រំដែន ព្រមទាំងលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការនិងរាយការណ៍នូវរាល់ភាពមិនប្រក្រតី នានានៅតាមតំបន់ព្រំដែននិងតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង។
៧. ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារជំនាញដឹកនាំដោយអគ្គនាយកដ្ឋានរដ្ឋបាល ដោយមាន ការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្តាច្រកទ្វារ ព្រំដែនទាំងអស់ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ ក្នុងករណីរកឃើញថា ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ច មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕