លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែតុលានេះ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរកំពុងហក់ឡើងខ្លាំង។ ដើម្បីបង្ការបញ្ហាជន់លិចតំបន់ប្រាសាទ តាមការណែនាំរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យមន្រ្តីបើកទ្វារទឹក និងត្រៀមបញ្ជៀសឱ្យបានទាន់ពេលវេលា។ ជាក់ស្ដែងអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកបានទាំងស្រុង និងមិនមានហានិភ័យឡើយ។
ស្ថានភាពទឹកនៅពេលនេះ លោក ភឿន សុឃីម បញ្ជាក់ថា មានស្ថានភាពខ្លាំងបើធៀបនឹងឆ្នាំ២០១៤។ យ៉ាងណាមិញលោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាអាចគ្រប់គ្រងស្ថានការណ៍នេះបាន ដោយមិនបារម្ភពីការជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាបឡើយ ដ្បិតសមត្ថភាពទ្វារទឹកដែលបានសាងសង់ថ្មី និងស្ដារប្រព័ន្ធទឹកបុរាណមួយចំនួនធំឡើងវិញ បម្រើដល់ការងារគ្រប់គ្រងទឹកនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា «អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបថា តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ ជព្រំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្ដាលឱ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ»។
ពាក់ព័ន្ធជាមួយបញ្ហានេះ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើក បរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅក្នុងអំឡុង ពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសកុំចតយានគ្រប់ ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្ដាលឱ្យរងរបួស ឬខូចខាត ទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ៕