ភ្នំពេញ៖ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមនៅយប់ថ្ងៃទី ២ ខែតុលានេះឱ្យដឹងថា នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។
សម្តេច ហ៊ុន សែន បន្តថា ការដំឡើងបានបៀវត្តន៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បាន អបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។
បើតាមសម្តេច ហ៊ុន សែន បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។
យោងតាមលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦ លើ ៥១សម្លេង និងតួលេខ ២១៣ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១សម្លេង។
យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ដុល្លា ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ (កើន ៤ដុល្លា ប្រៀបធៀបជាមួយឆ្នាំ ២០២៣ ដែលមានត្រឹម ២០០ដុល្លា)៕