ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោកកើត រិទ្ធ ធ្លាប់បានថ្លែងថា ៖ «សេចក្តីព្រាងព្រះរាជក្រឹត្យនេះ មិនត្រឹមតែចែងអំពីការបង្កើតនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងបង្កើតឱ្យមាននូវក្របខណ្ឌគតិយុត្តមួយច្បាស់លាស់ សម្រាប់កិច្ចដំណើរការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីធានាឱ្យបាន ទាំងលើប្រសិទ្ធភាព ទាំងលើនិរន្តភាព នៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»។
លោកបន្ថែមថា ក្នុងស្មារតីដើម្បីធានាប្រសិទ្ធភាពនៃយន្តការនេះ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលបានធ្វើឡើងត្រឹមត្រូវស្របតាមព្រះរាជក្រឹត្យនេះ នឹងទទួលបានការទទួលស្គាល់នូវតម្លៃគតិយុត្តជាភស្តុតាងរឹងមាំផង និងមានអានុភាពអនុវត្តដូចសាលក្រម ឬ សាលដីកាស្ថាពររបស់តុលាការផង។
បើតាម លោក កើត រិទ្ធ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងច្រើនក្នុងសង្គមជាតិ ក្នុងការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងជាពិសេស គឺជួយបញ្ចប់វិវាទបានឆាប់រហ័ស ដោយគូភាគីនៃវិវាទអាចទទួលបាននូវដំណោះស្រាយឈ្នះ-ឈ្នះ និង គ្មានអ្នកចាញ់ ដែលអាចរក្សាបាននូវភាពសុខដុមរមនានៅក្នុងសហគមន៍ និងសង្គមជាតិ។
លោករដ្ឋមន្ត្រីយុត្តិធម៌វ័យក្មេងរូបនេះ បញ្ជាក់ទៀតថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានមូលដ្ឋានគ្រឹះនៅក្នុង “នយោបាយឈ្នះ-ឈ្នះ” របស់សម្តេច ហ៊ុន សែន ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, ការឯកភាពជាតិ និងសន្តិភាពពេញបរិបូរណ៍ ជូនជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន៕