រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានព្រមានពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃដែលអាចនឹងកើនឡើងពី៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើប្រជាពលរដ្ឋមួយចំនួននៅតែបន្តធ្វេសប្រហែស និងមិនអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួនទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២០ កុម្ភៈនេះ។
បើតាមលោកស្រីវេជ្ជបណ្ឌិត វីរុសកូវីដ១៩ នៅកម្ពុជា ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង បានគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃករណីវិជ្ជមានកូវីដ-១៩នៅកម្ពុជាទៅហើយៗ ហើយវីរុសប្រភេទនេះបាននិងកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍រស់នៅជាមួយនឹងល្បឿនដ៏លឿនទៀតផង។ លោកស្រីវេជ្ជបណ្ឌិត ថា ការចម្លងវីរុសកូវីដ-១៩ គឺចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឬពីបុគ្គលម្នាក់ទៅបុគ្គលច្រើននាក់ ហើយក្នុងបរិបទនៃការចម្លងរបស់អូមីក្រុងនេះទៀត ការចម្លងគឺកាន់តែលឿន។
ប្រឈមនឹងបញ្ហាបែបនេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា “អញ្ចឹងមិនយូរមិនឆាប់ទេ ការឆ្លងនឹងឡើងដល់បួនខ្ទង់មិនខាន បើបងប្អូនប្រជាពលរដ្ឋយើងនៅតែបន្តមើលស្រាល ធ្វេសប្រហែស និងមិនអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានត្រឹមត្រូវទេនោះ”។
សម្រាប់លោកស្រីវេជ្ជបណ្ឌិត “សូមកុំមើលស្រាលវីរុសកូវីដ-១៩ប្រភេទ អូមីក្រុង ព្រោះថាអត្រាឆ្លងកាន់តែ ច្រើនអត្រាសម្រាកពេទ្យក៏កាន់ខ្ពស់ មូលដ្ឋានសុខាភិបាលទប់ទល់លែងជាប់ ច្បាស់ណាស់អត្រាមរណភាពនឹងកើតមាន ហើយវីរុសប្រភេទអូមីក្រុងនេះ បានចាប់ផ្តើមផ្តាច់ជីវិតអ្នកជំងឺជាបណ្តើរៗហើយនៅជុំវិញពិភពលោក បើទោះជាកម្ពុជា មិនទាន់មានពិតមែន ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែសនោះដែរ”៕