រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល បានចុះហត្ថលេខារួមគ្នាកំណត់យកកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ពីសេវាសុខាភិបាលឯកជន ដើម្បីអនុញ្ញាតឱ្យក្រសួងសុខាភិបាលប្រមូលចំណូលពីកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ពីសេវាសុខាភិបាលដែលទទួលលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល លើការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា។
ក្នុងប្រកាសអន្តរក្រសួងស្តីពីការយកកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ពីមូលដ្ឋានសេវាសុខាភិបាលឯកជន ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា បណ្ណចាក់វ៉ាក់សាំងកូវីដ១៩នេះ មានតម្លៃចំនួន៤ពាន់រៀលក្នុងមួយបណ្ណដែលសេវាសុខាភិបាលឯកជន ត្រូវបង់ទៅក្រសួងសុខាភិបាលនៅពេលបានទទួលបណ្ណ។ ដោយឡែកចំណូលពីកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ដែលក្រសួងសុខាភិបាលប្រមូលបានត្រូវកត់ត្រាជាចំណូលថវិកាជាតិ។
បើតាមរដ្ឋមន្ត្រីក្រសួងទាំងពីរ បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ដែលបោះពុម្ព និងបើកផ្តល់ដោយក្រសួងសុខាភិបាលមានទម្រង់ឯកលក្ខណភាព ដែលមូលដ្ឋានសេវាសុខាភិបាលឯកជន ត្រូវប្រើប្រាស់សម្រាប់ការបំពេញព័ត៌មាន ទិន្នន័យឱ្យបានត្រឹមត្រូវ និងពេញលេញ និងប្រគល់ជូនសាមីអតិថិជនដែលបានចាក់វ៉ាក់សាំងកូវីដ១៩នៅមូលដ្ឋានរបស់ខ្លួន។
ចំពោះម្ចាស់សេវាសុខាភិបាលដែលទទួលបានលិខិតអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ១៩ ពីក្រសួងសុខាភិបាលត្រូវដាក់ពាក្យស្នើសុំបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ មកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕