សម្តេច ហ៊ុន ម៉ាណែត៖ រយៈពេល៣៩ខែ រដ្ឋបញ្ចេញថវិកាជាង ១២០០លានដុល្លារ ជួយពលរដ្ឋក្រីក្រ

ភ្នំពេញ៖ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ? ជាការឆ្លើយតប សម្ដេច ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានរយៈចំនួន៣៩ខែហើយ ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ១,១៧២,១៤៦,៧៥៦ ដុល្លារ ពោលគឺជិត ១ពាន់២០០លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានចំនួនសរុប ៤៣៧,៧៣១គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់)។

តាមបណ្ដាញទំនាក់ទំនង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ?

ជាការឆ្លើយតបនឹងសំណួរ សម្ដេចបានលើកជាឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យសម្ដេច សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានរៀបរាប់ថា នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣៖

ទី១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩  ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ ។  ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះ មានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺជិត ១ពាន់២០០លានដុល្លារ)។

ទី២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លានដុល្លារ)។

និងទី៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ)។

សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ខាងលើនេះគឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។

ជាមួយគ្នានោះ សម្ដេចសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ៕