ភ្នំពេញ៖ គណ:មេធាវីកម្ពុជាបានប្រកាសចាត់វិធានការណ៍ក្តៅលេីបុគ្គលឈ្មោះ តាំង សំណាង ដោយប្តឹងបុគ្គលរូបនេះទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៍មានរបស់គណ:មេធាវីកម្ពុជានៅថ្ងៃទី២៨ កញ្ញា ២០១៣។
ការប្រកាសចាត់វិធានការណ៍បែបនេះ គឺធ្វេីឡេីងបន្ទាប់ពីស្ថាប័នមួយនេះពិនិត្យឃើញថា នាពេលថ្មីៗនេះ បុគ្គលឈ្មោះ តាំង សំណាង ដែលមិនមែនជាមេធាវី បាននិងកំពុងលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុស ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កើតការិយាល័យ ធៀន ភីង ប្រឹក្សាច្បាប់ (អាជីវកម្មនិងច្បាប់មេធាវី) ហើយផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកច្បាប់ តាក់តែង លិខិតនានាពាក់ព័ន្ធវិស័យច្បាប់ជូនអតិថិជន ដែលករណីនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើ វិជ្ជាជីវៈមេធាវី។
គណ:មេធាវី បានសង្កត់ធ្ងន់ថា ចំពោះករណីលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់របស់ឈ្មោះ តាំង សំណាង នេះ គណៈមេធាវីបានសម្រេចប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ លោក លី ច័ន្ទតុលា គណៈមេធាវីបាន ពិនិត្យ តាមដាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះរាល់ការរំលោភបំពាន ឬការលួចប្រកប វិជ្ជាជីវៈមេធាវីដោយខុសច្បាប់ ពីសំណាក់បុគ្គលដែលមិនមែនជាមេធាវី ដោយមិនរួញរា ឡើយ។
ទន្ទឹមនឹងគ្នានេះ គណៈមេធាវីក៏សូមថ្លែងអំណរគុណនិងធ្វើការលើកទឹកចិត្តចំពោះរាល់ការផ្ដល់ព័ត៌មាន អំពីការរំលោភបំពាន ឬការលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់ ពីសំណាក់បុគ្គលដែល មិនមែនជាមេធាវី៕