ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញានេះ បានអនុញ្ញាតឱ្យលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ជំនួបនេះ បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពី សម្ដេចធិបតី បានអញ្ជើញមាតុភូមិនិវត្តន៍ពីចូលរួមមហាសន្និបាតលើក៧៨ របស់អង្គការសហប្រជាជាតិ ដែលនៅក្នុងឱកាសនោះ សម្ដេច បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី វ៉ិចតូរីយ៉ា នូលលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក។
លោកស្រី វ៉ិចតូរីយ៉ា នូលែន កាលនោះ បានជម្រាប សម្ដេច ថាអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ។
ភាគីអាមេរិកក៏បានបញ្ជាក់ពីការផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈ USAID។កិច្ចពិភាក្សានោះក៏បានផ្តោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត៕