ពីប្រទេសចិន៖ ក្នុងឱកាសគង់ពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត ហ្សឺជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន មានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ តបតាមសេចក្តីថ្វាយបង្គំ សូមយាងពីសំណាក់លោក Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
នៅវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះរាជគណៈប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើរ បានយាង និងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ សាវសាន (Xiaoshan)។
ក្នុងឱកាសដ៏ល្អប្រសើរនោះ មានការអញ្ជើញចូលរួមថ្វាយព្រះពរថ្វាយព្រះរាជវនន្ទកិច្ចស្វាគមន៍ប្រកបដោយភាពខ្ពង់ខ្ពស់កក់ក្តៅពីសំណាក់លោករដ្ឋមន្ត្រី លោកអភិបាលរងខេត្ត Zhejiang និងអគ្គកង់ស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ព្រមទាំងថ្វាយនូវការសម្តែងសិល្បៈកីឡារបស់ប្រជាជាតិចិន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
បន្ទាប់ពីពិធីថ្វាយព្រះពរស្វាគមន៍ ប្រកបដោយមនោសញ្ចេតនាគោរពនឹករលឹក និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅពីសំណាក់រដ្ឋមន្ត្រីអភិបាលរងខេត្ត Zhejiang និងអគ្គកង់ស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ រួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យបន្តព្រះរាជដំណើរ មកគង់ស្នាក់អាស្រ័យ នៅសណ្ឋាគារ សាងហ៊ីឡា ហានចូវ (Shangri-La Hangzhou) ក្នុងខេត្ត Zhejiang។
យោងតាមព្រះរាជកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់វិមានរដ្ឋបឹងស៊ីហ៊ូ និងព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់ ព្រមទាំងយាងចូលរួមក្នុងពិធីបើកកីឡាអាស៊ីលើកទី១៩ នៅមជ្ឈមណ្ឌលកីឡាអូឡាំពិកហានចូវ ដែលជាសេចក្តីថ្វាយបង្គំ សូមយាងពីសំណាក់លោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន៕