ភ្នំពេញ៖ កន្លងមក មានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេសដែលបាន ប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាម ទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ថា ជាការកត់សម្គាល់ ការផ្សព្វផ្សាយព័ត៌មានមួយចំនួនខាងលើ មានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថា យោងតាមច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រ កម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ជាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និង វាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន (រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។
បើតាមប្រភពដដែលនេះ ចំពោះ ជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ ហើយបានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្ដី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ដែលបានកំណត់របស់ ប្រទេសនីមួយៗ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថា បញ្ហាខាងលើគឺជាបញ្ហារបស់បុគ្គលសុទ្ធសាធ ដែលកន្លងមកបានកើតឡើងជារឿយៗ បង្កដោយជនបរទេសនៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀត។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសំដែងនូវអំណរគុណដល់សាធារណជនទាំងអស់ ដែលបានឈ្វេងយល់ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអវិជ្ជមានទាំងនេះ ហើយបានចូលរួមទប់ស្កាត់នូវព័ត៌មានដែលមានចេតនា លម្អៀង និងបំផ្លើសខុសពីការពិត ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិយើង។
កាលពីពាក់កណ្តាលខែសីហា ឆ្នាំ ២០២៣ កម្លាំងនគរបាលសិង្ហបុរី បានឃាត់ខ្លួនមនុស្ស ១០ នាក់ សង្ស័យក្នុងបទល្មើសលាងលុយកខ្វក់ និងក្លែងបន្លំឯកសារ ដែលក្នុងនោះមានមនុស្ស៣នាក់ មានឈ្មោះជាជនជាតិចិន ប៉ុន្តែកាន់លិខិតឆ្លងដែនខ្មែរ។ អ្នកទាំង ៣ ដែលកាន់លិខិតឆ្លងដែនខ្មែរនោះ ត្រូវបានកំណត់អត្តសញ្ញាណជាឈ្មោះ ហើយពួកគេបានទទួលសញ្ជាតិខ្មែរចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០១៩។
មនុស្សផ្សេងទៀត មានសញ្ជាតិស៊ីប តួកគី ចិន និង វ៉ានូទូ (Vanuatu)។ ពួកគេត្រូវបានចោទប្រកាន់ កាលពីថ្ងៃទី ១៦ ខែសីហា ក្រោយមានការបង្ក្រាបរបស់ប៉ូលិសសិង្ហបុរី ដែលជាផ្នែកមួយនៃការស៊ើបអង្កេតការលាងលុយកខ្វក់ និងបទល្មើសក្លែងបន្លំឯកសារ។
ពួកគេទាំង ១០ នាក់នោះ មានបុរស ៩ នាក់ និងស្រ្តីម្នាក់ ដែលមានអាយុចន្លោះពី ៣១ ឆ្នាំទៅ ៤៤ ឆ្នាំ។ ទំហំទឹកប្រាក់ ដែលរួមមានអចលនទ្រព្យ រថយន្ត គណនីធនាគារ លុយសុទ្ធ និងរបស់របរផ្សេងៗ ត្រូវបានរឹបអូស ដែលមានតម្លៃប្រមាណ ៧៣៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ប៉ូលិសសិង្ហបុរី។
បើតាមសារព័ត៌មាន CNA អ្នកកាន់លិខិតឆ្លងដែនខ្មែរមាន ៣ នាក់ គឺមានឈ្មោះ ស៊ូ បោវលីន (Su Baolin) អាយុ ៤១ ឆ្នាំ ដែលត្រូវបានចោទប្រកាន់ក្លែងបន្លំឯកសារ។ ម្នាក់ទៀតឈ្មោះ ចិន គីងយ៉ាន (Chen Qingyuan) អាយុ ៣៣ ឆ្នាំ រងការចោទប្រកាន់ថាលាងលុយកខ្វក់ និងអ្នកទីបីឈ្មោះ ស៊ូ វិនឈៀង (Su Wenqiang) អាយុ ៣១ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់៕