ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ចំនួន ៦៨ រូប។
នាឱកាសនោះ លោក ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ ទាំង ៦៨ រូប ដែលសុទ្ធសឹងជាមន្ត្រីរដ្ឋបាល, មន្ត្រីជាប់កិច្ចសន្យា ជំនួយការ និងមន្ត្រីហាត់ការ ដែលបម្រើការងារនៅតាមសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ទាំង ៤។
ជាមួយគ្នានេះនោះ លោក កើត រិទ្ធ បានរំលេចជូនសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ នេះ អំពីតួនាទីដ៏សំខាន់របស់ក្រឡាបញ្ជី ដែលមិនត្រឹមតែជាជំនួយដល់ចៅក្រម និងព្រះរាជអាជ្ញា និងជាលេខាកត់ត្រានៅក្នុងកិច្ចនីតិវិធីរបស់តុលាការប៉ុណ្ណោះទេ ប៉ុន្តែ ក្រឡាបញ្ជីក៏មានតួនាទីផ្សេងៗជាច្រើនទៀត ដូចមានចែងនៅក្រមនីតិវិធីជាធរមាន ហើយនៅក្នុងកិច្ចនីតិវិធីខ្លះមិនអាចខ្វះវត្តមានរបស់ក្រឡាបញ្ជីបានឡើយ៕