ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសពីការធ្វើកំណែទម្រង់នៃការប្រឡងជ្រើសរើសមន្រ្តីរាជការសាធារណៈ ក្រោមពាក្យស្លោកថា អ្នកចេះ គឺជាប់ ដោយរៀបចំនូវយន្តការថ្នាក់ជាតិមួយ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងនោះគឺការធ្វើកំណែទម្រង់មុខងារសាធារណៈ និងការប្រឡងជ្រើសរើសមន្រ្តីរាជការសាធារណៈជាដើម។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនៅព្រឹកថ្ងៃទី៩ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅពេលខាងមុខនេះ គឺនឹងរៀបចំនូវយន្តការថ្នាក់កណ្តាលដោយសហការជាមួយក្រសួងជំនាញដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ដោយក្នុងនោះគឺអ្នកចេះ គឺជាប់។
ទន្ទឹមនឹងការរៀបចំយន្តការដើម្បីពង្រឹងប្រសិទ្ធិភាពនៃការជ្រើសរើសមន្រ្តីរាជការសាធារណៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សុំការយោគបល់ពីសំណាក់អ្នកដែលបានដាក់ពាក្យប្រឡងជ្រើសរើសមន្រ្តីរាជការសាធារណៈកាលពីពេលថ្មីៗនេះ ជាក់ស្តែងគឺនៅក្រសួងកសិកម្មនោះ ដោយរាជរដ្ឋាភិបាលមិនបញ្ឈប់ក្នុងការជ្រើសរើសនោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលនឹងខិតខំពង្រឹងនីតិវិធីនៃការជ្រើសរើសនេះឱ្យបានល្អ ដើម្បីធ្វើឱ្យការប្រឡងជ្រើសរើសមន្រ្តីរាជការនេះគឺធ្វើឡើងក្នុងយន្តការតែមួយដោយមន្រ្តីក្របខណ្ឌទាំងអស់ត្រូវប្រឡងដោយយន្តថ្នាក់ជាតិឱ្យបានយុត្តិធម៌និងតម្លាភាព។
ដោយឡែកមន្រ្តីកិច្ចសន្យាឯណោះវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ប្រគល់សិទ្ធិដល់ក្រសួងស្ថាប័នដើម្បីពិនិត្យនិងសម្រេច ក៏ប៉ុន្តែត្រូវធានាបាននូវតម្លាភាព និងយុត្តិធម៌ផងដែរ៕