ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្នើសុំ លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយពង្រឹងគណៈវិជ្ជាជីវ:វេជ្ជសាស្ត្រទាំងប្រាំរួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថ គណៈឆ្មប និងគណៈគិលានុបដ្ឋាក សំដៅធ្វើឱ្យប្រសើរឡើងនូវ ស្តង់ដារនៃការថែទាំសុខភាព តាមរយៈការជួយពិនិត្យឡើងវិញលើបទប្បញ្ញត្តិរបស់គណៈវិជ្ជាជីវ:វេជ្ជសាស្ត្រទាំងប្រាំ ព្រមទាំងជួយដល់សុខាភិបាលឌីជីថលសម្រាប់ការលើកគម្រោងនាពេលអនាគត។
ការស្នើរបស់លោក ឈាង រ៉ា ធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យ លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងជំនួបពិភាក្សានេះ លោក ឈាង រ៉ា ថ្លែងថា កន្លងមក អូស្ត្រាលី តែងតែគាំទ្រក្រសួងសុខាភិបាលកម្ពុជាក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាលជាច្រើន។
លោកបញ្ជាក់ថា អូស្ត្រាលីបានជួយលើ ៖ 1. ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ក្នុងគម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី២ (HSSP2) 2. កម្មវិធី East Asia Vision គាំទ្រកម្មវិធីជាតិសម្រាប់សុខភាពភ្នែក តាមរយៈអង្គការសុខភាពភ្នែកអូស្រ្តាលី 3. កម្មវិធីដៃគូជួយសង្គ្រោះជីវិត ឆ្នាំ ២០១៣-២០១៨ សម្រាប់កែលម្អសុខភាពបន្តពូជ សុខភាពមាតា និងទារកនៅខេត្តចំនួន៤ ភាគឦសានកម្ពុជា និងរោងចក្រកាត់ដេរដែលបានជ្រើសរើសនៅរាជធានីភ្នំពេញ 4. កញ្ចប់គាំទ្រដល់ការផ្តល់វ៉ាក់សាំងប្រកបដោយសមធម៌របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន វ៉ាក់សាំងប្រភេទ Pfizer ដែលបានផ្ដល់ជូននាខែធ្នូ ឆ្នាំ២០២១ និងទូរបង្កករក្សាវ៉ាក់សាំង សម្រាប់ចែកជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ 5. គម្រោងកំណត់គ្រួសារក្រីក្រដំណាក់កាលទី៣ (ប័ណ្ណមូលនិធិសមធម៌សុខភាព) ណ6. គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល Health Equity and Quality Improvement Project (H-EQIP) 7. គាំទ្រមូលនិធិសមធម៌សុខាភិបាលដោយផ្ដល់ការគាំពារសុខភាពដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខភាពសាធារណៈតាមរយៈជំនួយក្នុងការផ្ដល់សេវា។
ជាការឆ្លើយតប លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្រ្តាលី លើវិស័យសុខាភិបាលបន្ថែមទៀត៕